(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang បាននិយាយនៅថ្ងៃអាទិត្យ ទី២៥ ខែឧសភាថាចិនមានឆន្ទៈធ្វើការជាមួយឥណ្ឌូណេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាពង្រឹងបន្ថែមនូវក្របខណ្ឌនៃ កិច្ចសហការប្រកបដោយភាពឯករាជ្យ សំដៅរួមគ្នាដោះស្រាយហានិភ័យ និងបញ្ហាប្រឈមនានា ព្រមទាំងលើកកម្ពស់ការអភិវឌ្ឍរួម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Li Qiang ធ្វើការកត់សម្គាល់បែបនេះនៅក្នុងជំនួបជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ក្នុងទីក្រុងហ្សាការតា នៅថ្ងៃអាទិត្យដែលជាថ្ងៃទី២នៃដំណើរទស្សនកិច្ចរបស់លោក ក្នុងប្រទេសឥណ្ឌូណេស៊ី។ តាមលោកនាយករដ្ឋមន្ត្រីចិន ប៉េកាំងបានត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈធ្វើការជាមួយឥណ្ឌូណេស៊ី ដើម្បីដោះស្រាយហានិភ័យ និងបញ្ហាប្រឈមនានា ព្រមទាំងពង្រឹង កិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ប្រជាជននិងប្រជាជន ការផ្លាស់ប្ដូរវប្បធម៌ កិច្ចការដែនសមុទ្រ និងសន្តិសុខ។
គួរបញ្ជាក់ថា ក្រោយបញ្ចប់ទស្សនកិច្ចនៅឥណ្ឌូណេស៊ី លោក Li Qiang នឹងត្រូវបន្តដំណើរឆ្ពោះទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់មេដឹកនាំមកពី បណ្ដាប្រទេសអាស៊ាន និងកិច្ចប្រជុំនៃក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) ក្នុងទីក្រុងគូឡាឡាំពួ។ ដំណើរទស្សនកិច្ចរបស់លោក Li នេះដែរ កើតមានឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពី លោកប្រធានាធិបតីចិន ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅម៉ាឡេស៊ី ជាទីដែលលោកជំរុញឱ្យជាសមាជិកប្រទេសអាស៊ានទាំងអស់រួមគ្នាប្រឆាំងនឹងពន្ធគយជ្រុលហួសហេតុ៕