(គូឡាឡាំពួ)៖ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី នៅថ្ងៃអាទិត្យ ទី២៥ ខែឧសភា បានថ្កោលទោសនូវអ្វីដែលលោកហៅថា «អំពើឃោរឃៅ» នៅក្នុងតំបន់ហ្កាហ្សា ដោយនិយាយថាវាឆ្លុះបញ្ចាំងពីការមិនអើពើ និងស្ដង់ដារ២ ចំពោះទុក្ខវេទនារបស់ប្រជាជនប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់សមភាគីអាស៊ានរបស់លោក រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានគូសបញ្ជាក់ដូច្នេះថា «វាជាលទ្ធផលដោយផ្ទាល់នៃការលុបបំបាត់ចោលនូវស្មារតីនៃច្បាប់អន្តរជាតិ»។ ការអត្ថាធិប្បាយបែបនេះរបស់លោក Mohamad នៅមុនកិច្ចប្រជុំកំពូលអាស៊ានមួយនៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ក្នុងទីក្រុងគូឡាឡាំពួ ធ្វើឡើងចំពេលអ៉ីស្រាអែលបានបន្ធូរបន្ថយតិចតួចប៉ុណ្ណោះចំពោះ ការបិទខ្ទប់តំបន់ហ្កាហ្សាចាប់តាំងពីខែមីនាមក រីឯការទម្លាក់គ្រាប់បែកនៅតែបន្តធ្វើឡើង។

លោក Mohamad បានបន្ថែមទៀតថា «អំពើឃោរឃៅប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន នៅតែបន្តកើតមានដែលនេះបានឆ្លុះបញ្ចាំងពីការមិនអើពើ និងស្ដង់ដារ២។ អាស៊ានមិនអាចបន្តនៅស្ងៀមនោះទេ»។

គួរបញ្ជាក់ថា ក្រុមរដ្ឋមន្ត្រីការបរទេសមកពីប្រទេសអាស៊ានទាំង១០ កាលពីខែកុម្ភៈបានបញ្ជាក់ឡើងវិញពីការគាំទ្រដ៏យូរអង្វែងមកហើយនៃប្រទេសរបស់ពួកគេចំពោះសិទ្ធិសេរីភាពរបស់ប្រជាជនប៉ាឡេស្ទីន។ ម៉ាឡេស៊ីដែលជាប្រទេសមានអ្នកកាន់សាសនាអ៉ីស្លាមភាគច្រើនមិនមានទំនាក់ទំនងការទូតផ្លូវការជាមួយអ៉ីស្រាអែលឡើយ ហើយបណ្ដាប្រទេសភាគច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏គាំទ្រប៉ាឡេស្ទីនផងដែរ៕