(មូស្គូ)៖ កាលពីថ្ងៃសុក្រ ទី២៣ ខែឧសភា រដ្ឋមន្រ្តីការបរទេសនៃប្រទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថា រុស្ស៉ីនឹងត្រៀមខ្លួនរួចរាល់ ដើម្បីបញ្ជូនឱ្យទៅអ៊ុយក្រែន នូវសេចក្តីព្រាងលក្ខខណ្ឌសម្រាប់កិច្ចព្រមព្រៀងសន្តិភាពរយៈពេលវែង នៅពេលដំណើរការដោះដូរអ្នកទោសសង្រ្គាមដែលកំពុងប្រព្រឹត្តទៅ ចប់ជាស្ថាពរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងសេចក្តីថ្លែងការណ៍នៅលើវែបសាយក្រសួងការបរទេសរុស្ស៉ី​ លោក Lavrov បានអះអាងថា រុស្ស៉ីប្តេជ្ញាធ្វើការឆ្ពោះទៅរក​ដំណោះស្រាយដោយសន្តិវិធី សម្រាប់សង្រ្គាមរយៈពេលជាង៣ឆ្នាំ រវាងទីក្រុងមូស្គូនិងទីក្រុងកៀវ។ ទន្ទឹមគ្នានោះ លោក Lavrov ក៏បានរិះគន់ផងដែរ ចំពោះការវាយប្រហារដ្រូនរាប់រយគ្រឿងរបស់អ៊ុយក្រែន នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មកលើប្រទេសរុស្ស៉ី ដែល​បានបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ និងបង្កការរំខានចំពោះចរាចរណ៍ផ្លូវអាកាស។ លោករដ្ឋមន្រ្តីការបរទេសរុស្ស៉ី បានចោទថា ក្រុមប្រទេសអឺរ៉ុបបានលើកទឹកចិត្តឱ្យទីក្រុងកៀវ ធ្វើសកម្មភាពវាយប្រហារទាំងនោះ ដើម្បីធ្វើឱ្យខូចកិច្ចប្រឹងប្រែងរកសន្តិភាព ដឹកនាំដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

កាលពីថ្ងៃសុក្រ អ៊ុយក្រែននិងរុស្ស៉ី បានដោះដូរអ្នកទោសសង្រ្គាមសរុប៧៨០នាក់ ពោលគឺម្ខាង៣៩០នាក់ ហើយបាននិយាយថា ពួកគេនឹងបន្តដោះដូរអ្នកទោសបន្ថែមទៀត ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។ ការដោះដូរអ្នកទោសសង្រ្គាមដ៏ច្រើននេះ ត្រូវបានព្រមព្រៀងគ្នា អំឡុងកិច្ចចរចារវាងក្រុមមន្រ្តីរុស្ស៉ីនិងអ៊ុយក្រែន នៅប្រទេសតួកគីយ៉េកាលពីសប្តាហ៍មុន។

គួរបញ្ជាក់ថា នៅទីក្រុងកៀវវិញ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក Andrii Sybiha បាននិយាយថា អ៊ុយក្រែនកំពុងរង់ចាំ ​សំណើរបស់រុស្ស៉ីស្តីពីទម្រង់នៃកិច្ចចរចាបន្ទាប់ បទឈប់បាញ់ និងជំនួបរវាងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។ មិនតែប៉ុណ្ណោះ លោក Sybiha ក៏បានអះអាងថា ទីក្រុងកៀវចង់ពង្រីកជំនួបនោះ ទៅជាជំនួបត្រីភាគី ដោយរួមបញ្ចូលលោក ត្រាំ ផងដែរ៕