(ញូវដែលី)៖ កាលពីថ្ងៃសុក្រ ទី២៣ ខែឧសភា ឥណ្ឌានិងប៉ាគីស្ថានបានប្រកាសពន្យារបន្ថែមទៀត នូវការរឹតត្បិតដែនអាកាសសម្រាប់យន្តហោះរបស់ភាគីម្ខាងៗ ស្របពេលដែលភាពតានតឹងផ្នែកការទូត ហាក់នៅតែបន្តរវាងប្រទេសជិតខាងទាំងពីរ ក្រោយទើបផ្ទុះអាវុធដាក់គ្នាយ៉ាងកក្រើកអស់ប៉ុន្មានថ្ងៃ ក្នុងខែនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
អាជ្ញាធរអាកាសចរណ៍ប៉ាគីស្ថាន បានប្រកាសថា ការរឹតត្បិតនឹងត្រូវបន្តអនុវត្តចំពោះយន្តហោះទាំងអស់ ដែលចុះបញ្ជី ធ្វើប្រតិបត្តិការ ជាកម្មសិទ្ធិ ឬជួលដោយឥណ្ឌា រួមបញ្ចូលទាំងយន្តហោះយោធា រហូតដល់ថ្ងៃទី២៤ ខែមិថុនា។ ចំណែកអាជ្ញាធរអាកាសចរណ៍ឥណ្ឌា បានចេញសេចក្តីប្រកាសដូចគ្នា ដោយនិយាយថា យន្តហោះនានា ដែលចុះបញ្ជី ធ្វើប្រតិបត្តិការ ជាកម្មសិទ្ធិ ឬជួលដោយប៉ាគីស្ថាន រាប់ទាំងយន្តហោះយោធា នឹងត្រូវហាមឃាត់ពីដែនអាកាសឥណ្ឌា រហូតដល់ថ្ងៃទី២៤ ខែមិថុនា។ វាគឺជាពន្យារបម្រាមដែលត្រូវបានដាក់ចេញដោយភាគីទាំងពីរ កាលពីខែមុន។
គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងយ៉ាងខ្លាំងបំផុត ក្រោយករណ៍បាញ់ប្រហារដ៏ប្រល័យលើអ្នកទេសចរ នៅតំបន់ Kashmir ប៉ែកគ្រប់គ្រងដោយឥណ្ឌា កាលពីខែមេសា ដែលបណ្តាលឱ្យមានការផ្ទុះជម្លោះយោធាយ៉ាងអាក្រក់មិនធ្លាប់មាន ក្នុងរយៈពេលជិត៣ទសវត្សរ៍ រវាងសត្រូវចាស់ទាំងពីរដែលសុទ្ធតែកាន់កាប់អាវុធនុយក្លេអ៊ែរដូចគ្នា។ យ៉ាងណាមិញ ស្ថានការណ៍បានធូរស្រាលវិញ ក្រោយឥណ្ឌានិងប៉ាគីស្ថាន បានព្រមព្រៀងមានបទឈប់បាញ់ កាលពីថ្ងៃទី១០ ខែឧសភា៕