(ប៉េកាំង)៖ «ចាត់ទុកសេដ្ឋកិច្ចពិភពលោកជាឧបករណ៍ធ្វើនយោបាយនិងសព្វាវុធ គឺបំផ្លាញផលប្រយោជន៍អ្នកផ្សេង និងខ្លួនឯង ហើយបណ្តាលឱ្យប្រជាជនពិភពលោករងគ្រោះទៀតផង» ជាប្រសាសន៍ប្រកបដោយគតិបណ្ឌិតរបស់លោកប្រធានរដ្ឋចិន Xi Jinping ដែលបាននាំពិភពលោករួមសាមគ្គីគ្នា និងធ្វើកិច្ចសហការនិងការសម្របសម្រួលគ្នា ដើម្បីគាំពារសន្តិភាព និងស្ថិរភាពពិភពលោក ព្រមទាំងជំរុញការអភិវឌ្ឍនិងភាពរុងរឿងនៃសកលលោក ដែលផ្ទុយស្រឡះពីមហាអំណាចមួយ បានយកសង្គ្រាមពន្ធគយនិងពាណិជ្ជកម្មជាល្បែង ហើយតាមរយៈសង្គ្រាមនេះច្បាស់ថានឹងមិនមានអ្នកឈ្នះទេ ហើយមហាអំណាច ដែលប្រើប្រាស់សង្គ្រាមនេះជាអាវុធកំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើអនុត្តរភាពលើពិភពលោក ដែលទីបំផុតមានតែធ្វើឱ្យប្រទេសមហាអំណាចមួយនោះ នៅឯកកោជាក់ជាមិនខាន។
ក្នុងន័យនេះបានរំលេចយ៉ាងច្បាស់ថា តាមរយៈការគិតផ្នែកយុទ្ធសាស្ត្រដែលប្ដេជ្ញាចំពោះបច្ចុប្បន្នភាព និងអនាគតដ៏ប្រពៃសម្រាប់ពិភពលោក ក្នុងការរក្សាកំណើននិងស្ថិរភាពសេដ្ឋកិច្ចសកល ដោយស្ថិតនៅក្នុងភាពអំណត់ និងក្នុងនាមជាជើងឯកការពារយុត្តិធម៌អន្តរជាតិ ចិនជ្រើសរើសយុទ្ធសាស្ត្រប្រឆាំងដាច់ខាតលើ កំហូចសណ្ឋាប់ធ្នាប់សកល ដែលបាននាំឱ្យពិភពលោកយល់ថា ប្រាជ្ញាចិនឈ្នះសមរភូមិសង្គ្រាមពន្ធគយនិងពាណិជ្ជកម្ម ហើយប្រាជ្ញាចិនបានផ្លាស់ប្តូរឧបសគ្គ ទៅជាឱកាសនៃកម្លាំងសហគមន៍អន្តរជាតិសាមគ្គីកាន់តែរឹងមាំជាមួយប្រទេសចិន។ ប្រទេសចិនបានរួមចំណែកកសាង ពិភពលោកមួយ ដែលមានលក្ខណៈបើកចំហ និងប្រកបដោយបរិយាប័ន្ន តាមរយៈការផ្លាស់ប្តូរ និងការសិក្សាពីគ្នាទៅវិញទៅមក បានជំរុញឲ្យមាននូវវឌ្ឍនភាពរបស់មនុស្សជាតិ ហើយមិនថាប្រទេសចិនរីកចម្រើនដល់កម្រិតណា ក៏ប្រទេសចិន នឹងមិនដើរតាមមាគ៌ាសម្លុតគម្រាមកំហែង ប្រើប្រាស់យន្តការពន្ធគយ និងធ្វើអនុត្តរភាពលើប្រទេសណាមួយឡើយ។ បន្ថែមពីលើនេះ ប្រទេសចិនតែងគោរពនិងផ្តល់តម្លៃលើ ផ្លូវនៃការអភិវឌ្ឍរបស់បណ្តាប្រទេសនានា ស្របតាមលក្ខខណ្ឌប្រជាជាតិរៀងៗខ្លួន។
«គំនិតបើកចំហ និង កិច្ចពិភាក្សាដោយសមភាពនិងធានាយុត្តិធម៌សង្គម» ដូចមានគូសបញ្ជាក់នៅក្នុង «សេចក្តីថ្លែងការណ៍រួមរវាងចិន និងអាមេរិកស្តីពីកិច្ចពិភាក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ» កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ ក្នុងខ្លឹមសារនេះ ដើម្បីគេចផុតពីការបង្កសង្គ្រាមពន្ធគយដែលជាកត្តាខូចខាត សម្រាប់សហគមន៍អន្តរជាតិទាំងមូល ដោយមិនមានអ្នកឈ្នះនោះ ប្រទេសចិនបានបង្ហាញនូវការតស៊ូប្រឆាំងនឹង ការបង្កើនឧបសគ្គដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក តាមរយៈការបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។
ក្រោមទម្រនៃគោលនយោបាយស្តីពីការពង្រីកការបើកទូលាយជាបន្តបន្ទាប់ បានបង្កើនលំនឹងក្នុងការរក្សាឆន្ទៈមុតមាំជាយុទ្ធសាស្រ្ត និងទប់ទល់នឹង ហានិភ័យនិងបញ្ហាប្រឈម រួមជាមួយកម្លាំងនិងភាពធន់នៃសេដ្ឋកិច្ចរបស់ខ្លួន ប្រទេសចិនបានផ្តល់ ជាសូចនាករដល់ គ្រឹះស្ថានវិនិយោគអន្តរជាតិជាច្រើន បានព្យាករណ៍ថា «សេដ្ឋកិច្ចចិននឹងរក្សាកំណើន ប្រកបដោយស្ថិរភាព និងភាពរឹងមាំនៅឆ្នាំ២០២៥» ក្នុងពេលដែលប្រព័ន្ធសារព័ត៌មានអាមេរិក បានកត់សម្គាល់ថាគោលនយោបាយពន្ធគយ របស់អាមេរិក បណ្តាលឱ្យវិនិយោគិនបរទេស បង្អង់ល្បឿនបណ្តាក់ទុននៅអាមេរិក ហើយឥស្សរជនមជ្ឈដ្ឋានសេដ្ឋកិច្ចអាមេរិកជាច្រើន បានព្រមានថា បើសិនជាមិនកែប្រែគោលនយោបាយពន្ធគយ នោះលទ្ធភាពថមថយចុះ របស់សេដ្ឋកិច្ចអាមេរិក នៅពេលអនាគតនឹងលើសពី ៦០% ហើយអត្រាអតិផរណានៅឆ្នាំនេះនឹងកើនឡើងដល់៣,៥% ឬ ៤% ។ រីឯអត្រាគាំទ្ររបស់ រដ្ឋាភិបាលអាមេរិកអាណត្តិនេះបន្ទាប់ពីកាន់អំណាចគម្រប់មួយរយថ្ងៃបានបំបែកកំណត់ត្រាអន់បំផុតក្នុងរយៈពេល ៨០ ឆ្នាំកន្លងទៅនេះ។
«ទំនាក់ទំនងពហុជាតិ និងការរួមសហការអន្តរជាតិ» ជាមូលដ្ឋានគ្រឹះនៃការទូតតាមបែបផែនចិនក្នុងនាមជា មហាអំណាចដែលទទួលខុសត្រូវ ចំពោះសុខុមាលភាពសាធារណៈសកល បានក្លាយជាយន្តការដ៏សំខាន់នៅក្នុង ដំណោះស្រាយសកល ស្របនឹងប្រសាសន៍របស់លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន ដែលបានលើកឡើងកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ថា «ប្រទេសចិនដែលបើកចំហជាកាលានុវត្តភាពជានិរន្ត៍ របស់ពិភពលោក ។ ប្រទេសចិនបង្កើតបរិយាកាសប្រកបអាជីវកម្មបែបទីផ្សារភាវូបនីយកម្ម និយតកម្មនិងសាកលភាវូបនីយកម្ម ដែលជាទីផ្សារដ៏ធំអស្ចារ្យក្នុងការចែករំលែកសម្រាប់ពិភពលោក ហើយប្រទេសចិនខិតខំប្រឹងប្រែងជំរុញសកលភាវូបនីយកម្ម នៃសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន»។
កម្លាំងចលករបន្ថែមអានុភាពជួយឱ្យប្រទេសចិននៅលើសមរភូមិចរចារពាណិជ្ជកម្ម នោះគឺសម្ព័ន្ធភាពរបស់ចិនជាមួយប្រទេសនានា តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មទាំងទ្វេភាគីនិងទាំងពហុភាគីដូចជា RCEP រួមជាមួយសម្ព័ន្ធភាពនៃក្រុមប្រទេស BRICS បណ្តាប្រទេសនៃអង្គការ SCO និងការរួមគ្នាជាមួយប្រាជ្ញាចិនស្តីពីកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ ជាក់ស្តែង ដោយមិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណា ក៏ប្រទេសចិនគឺជាមិត្តល្អនិងដៃគូល្អរបស់ប្រទេសអាមេរិកឡាទីននិងការាបៀបជារៀងរហូត ហើយប្រកៀកស្មាជាមួយ បណ្តាប្រទេសអាមេរិកឡាទីនក្នុងដំណើរធ្វើទំនើបកម្មរៀងៗខ្លួន ដើម្បីរួមគ្នាចារទំព័រថ្មីនៃការកសាងសហគមន៍រួមវាសនាចិន-អាមេរិកឡាទីនដោយផ្សារភ្ជាប់គម្រោងចំនួន៥គឺទី១-គម្រោងរួមសាមគ្គីគ្នា ទី២-គម្រោងអភិវឌ្ឍន៍ ទី៣-គម្រោងអរិយធម៌ ទី៤-គម្រោងសន្តិភាព និងទី៥-គម្រោងតភ្ជាប់ដួងចិត្ត រវាងប្រជាជននិងប្រជាជន។ ដោយឈរជាប់ជាមួយសហគមន៍អន្តរជាតិ ជាក់ស្តែងកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៥ ក្រសួងការបរទេសចិនថ្លែងថា ការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ គឺជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិដោយសាទរ ដែលមហាសន្និបាតអង្គការសុខភាពពិភពលោក បដិសេធសេចក្តីស្នើពាក់ព័ន្ធនឹងតៃវ៉ាន់។
ជារួម ជំហររបស់ប្រទេសចិនក្នុងស្ថានភាពសង្គ្រាមពន្ធគយ មិនត្រឹមជាការការពារពាណិជ្ជកម្មនិងផលប្រយោជន៍របស់ចិននោះទេ ថែមទាំងជាការបញ្ចេញសារដ៏សំខាន់ជាសាធារណៈ ទៅកាន់សហគមន៍អន្តរជាតិថា សេដ្ឋកិច្ចបើកចំហ សន្តិភាព និងសមធម៌ជាគន្លងនៃអនាគតរួម ហើយប្រាជ្ញាចិនបានបង្ហាញថា «ហេតុផលរាប់ពាន់ដើម្បីធ្វើឲ្យទំនាក់ទំនង រវាងចិននិងអាមេរិកទទួលបានជោគជ័យ» ជាប្រយោគដ៏ខ្លីដែលបានផ្តល់អត្ថន័យគ្រប់គ្រាន់ថា ទំនាក់ទំនងដ៏រឹងមាំរវាង ចិននិងអាមេរិក មិនត្រឹមតែនឹងអាចផ្តល់ជាផលប្រយោជន៍ឲ្យប្រទេស និងប្រជាជនរបស់យើងទាំង២ ប៉ុណ្ណោះទេ វាថែមទាំងផ្តល់ជាផលប្រយោជន៍ដល់ពិភពលោកទាំងមូលផងដែរ ។ មានហេតុផលរាប់ពាន់ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងចិន និងអាមេរិកទទួលបានជោគជ័យ ហើយគ្មានហេតុផលណាមួយ ដែលអាចហាមឃាត់ហេតុផលទាំងនោះបានឡើយ។ យើងបានដឹងមកហើយថា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំងពីរ របស់ពិភពលោក ប្រទេសទាំងពីរគួរបង្កើន ទំនាក់ទំនងគ្នាយ៉ាងស៊ីជម្រៅក្នុងការធានានូវភាពរឹងមាំ និងស្ថិរភាពនៃនិម្មាបនកម្មសេដ្ឋកិច្ចសកល ដើម្បីជួសជុលឡើងវិញ នូវប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិដែលបានរងគ្រោះពី វិធានការពន្ធគយដោយរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន