(វ៉ាស៉ីនតោន)៖ ឆ្មាំសន្តិសុខ បានធ្វើសកម្មភាពបាញ់ស្ទាក់ទៅលើស្រ្តីម្នាក់ ដែលបើករថយន្តឆ្ពោះចូលទៅច្រកទ្វារធំ នៃទីស្នាក់ការកណ្តាលរបស់ CIA ដែលស្ថិតនៅក្បែររដ្ឋធានីវ៉ាស៉ីនតោនឌីស៉ី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយព្រងើយកន្តើយនឹងការបញ្ជាឱ្យឈប់ ហើយនាងក៏ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ ២០២៥។

តាមប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ការ​ពិនិត្យ​ឯកសារ​សាធារណៈ​ ​បង្ហាញ​ថាស្រ្តីរូបនេះ​ជា​ពលរដ្ឋ​អាមេរិក​វ័យក្មេង​ មាន​ប្រវត្តិ​បើកបរ​ក្រោម​ឥទ្ធិពលនៃគ្រឿងស្រវឹង ឬសារធាតុញៀន។ ប្រភពដដែលប្រាប់ Reuters ថា នៅពេលកើតហេតុ ស្ត្រីជាជនសង្ស័យ​បើក​រថយន្ត​ចូល​ទៅ​ច្រក​ទ្វារធំរបស់ទីស្នាក់ការ ហើយ​ពេល​សន្តិសុខ​ព្យាយាម​ឃាត់ នាង​ក៏​បើកគេចពីសន្តិសុខ រួចបន្តបើកចូល​ទៅ​មុខ​ទ្វារ​ ក្រោយមកទើបត្រូវបានបាញ់ស្ទាក់។ បន្ទាប់ពីមានឧប្បត្តិហេតុ ស្រ្តីរូបនោះស្ថិតក្នុងសភាពធម្មតា។ ពេលនេះ FBI កំពុងធ្វើការស៉ើអង្កេត។

គួរបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើង បន្ទាប់ពីបុគ្គលិកស្ថានទូតអ៉ីស្រាអែលពីរនាក់ ត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងម្នាក់ នៅរដ្ឋធានីវ៉ាស៉ីនតោនឌីស៉ី កាលពីយប់ថ្ងៃពុធ។ ក្រោយកើតហេតុ CIA បានបិទច្រកទ្វារធំរបស់ខ្លួន ហើយបានណែនាំឱ្យបុគ្គលិក ប្រើប្រាស់ច្រកផ្លូវផ្សេង៕