(ស៉ីដនី)៖ សាកសពបុរសម្នាក់ ត្រូវបានគេរកឃើញនៅក្នុងរថយន្តដែលជាប់គាំងក្នុងទឹកជំនន់ នៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី នាថ្ងៃសុក្រនេះ ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៤នាក់ បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈរ ៣ថ្ងៃមកនេះ បណ្តាលឱ្យជន់លិចពាសពេញទីក្រុង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ ២០២៥។
ប៉ូលិសនិយាយថា ការស្វែងរកអ្នកបាត់ខ្លួននៅតែបន្ត ចាប់តាំងពីទឹកជំនន់វាយលុកនៅដើមសប្តាហ៍នេះ។ បុគ្គលិកសេវាសង្គ្រោះបន្ទាន់ បានឱ្យដឹងថា មនុស្សប្រហែល ៥០ ០០០នាក់នាក់កំពុងរស់នៅក្នុងផ្ទះ ដែលជន់លិចដោយទឹកជំនន់។ អាជ្ញាធរក៏បានព្រមាន ដល់អ្នកស្រុកដែលត្រឡប់ទៅផ្ទះដែលទឹកជំនន់មិនទាន់ស្រក ឱ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានា។
វីដេអូផ្សព្វផ្សាយតាមទូរទស្សន៍ បង្ហាញឱ្យឃើញពីផ្លូវប្រសព្វមួយចំនួនរងនូវការជន់លិច រថយន្តជាប់គាំងក្នុងទឹក បន្ទាប់ពីទឹកជំនន់ហក់ឡើងលឿនបណ្តាលឱ្យបាក់ច្រាំងទន្លេ ជន់លិចទីប្រជុំជនជនបទជាច្រើន នៅក្នុងតំបន់ Hunter និង Mid North Coast នៃរដ្ឋ New South Wales ដែលជារដ្ឋមានប្រជាជនច្រើនបំផុតនៃប្រទេសអូស្ត្រាលី។
បើតាមអាជ្ញាធរ សាលារៀនជាង ១០០នៅតែបិទទ្វារ គិតត្រឹមថ្ងៃសុក្រនេះ ខណៈដែលសំណង់អគាររាប់ពាន់កន្លែង គ្មានអគ្គិសនីប្រើប្រាស់ រីឯស្ថានភាពទន្លេអាចស្ថិតលើសកម្រិតគ្រោះថ្នាក់ ក្នុងរយៈពេលជាច្រើនថ្ងៃ។ នាយករដ្ឋមន្ត្រី លោក Anthony Albanese នឹងចុះទៅពិនិត្យទីក្រុងដែលរងគ្រោះដោយទឹកជំនន់ នៅថ្ងៃសុក្រនេះ៕