(ហ្សេរុយសាឡឹម)៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានចោទប្រកាន់មន្ត្រីអឺរ៉ុបដោយមិនបញ្ចេញឈ្មោះ កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ថាបានធ្វើ «ការញុះញង់ប្រឆាំងនឹងសាសន៍យូដា» ដែលលោកបានស្តីបន្ទោសថា ជាអ្នកបង្កើតបរិយាកាសអរិភាព ដែលនាំឲ្យមានការបាញ់សម្លាប់បុគ្គលិកស្ថានទូតអ៊ីស្រាអែលពីរនាក់នៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃពុធ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នៅក្រុងហ្សេរុយសាឡឹម លោក Saar បានអះអាងថា ការវាយប្រហារនេះគឺជាលទ្ធផលដោយផ្ទាល់នៃ «ការញុះញង់ប្រឆាំងសាសន៍យូដាដ៏ពឹសពុលប្រឆាំងនឹងអ៊ីស្រាអែល និងជនជាតិយូដានៅជុំវិញពិភពលោក» ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីខែតុលា ឆ្នាំ២០២៣។ លោកបានបន្ថែមថា «មានខ្សែបន្ទាត់ផ្ទាល់មួយដែលភ្ជាប់ការញុះញង់នេះទៅនឹងឃាតកម្មនេះ... ការញុះញង់នេះក៏ធ្វើឡើងដោយមេដឹកនាំ និងមន្ត្រីនៃប្រទេស និងអង្គការនានា ជាពិសេសពីអឺរ៉ុប»។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលរូបនេះ បាននិយាយទៀតថា «បរិយាកាសសកល» ប្រឆាំងនឹងអ៊ីស្រាអែលកាន់តែអាក្រក់ទៅៗ ចាប់តាំងពីការវាយប្រហាររបស់ហាម៉ាស់ ដែលបានសម្លាប់មនុស្ស ១,២០០នាក់ និងចាប់ចំណាប់ខ្មាំង ២៥១នាក់។ ចាប់តាំងពីពេលនោះមក យុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៥៣,០០០នាក់ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបង្កជាបាតុកម្មធំៗទូទាំងពិភពលោក ព្រមទាំងសំណុំរឿងនៅតុលាការយុត្តិធម៌អន្តរជាតិ ដែលចោទអ៊ីស្រាអែលពីអំពើប្រល័យពូជសាសន៍។
គួរបញ្ជាក់ថា ការអត្ថាធិប្បាយរបស់លោក Saar កើតឡើងបន្ទាប់ពីមានការរិះគន់កាន់តែខ្លាំងពីសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងអង់គ្លេស បារាំង និងកាណាដា ដែលកាលពីថ្ងៃចន្ទបានព្រមានពី «សកម្មភាពជាក់ស្តែង» ដែលអាចកើតមានប្រឆាំងនឹងអ៊ីស្រាអែលជុំវិញសង្គ្រាមនៅហ្គាហ្សា និងការរឹតត្បិតជំនួយ៕