(កំពង់ឆ្នាំង)៖ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ តំណាងកងទ័ពរំដោះប្រជាជនចិន ដែលបានចូលរួមក្នុងលំហាត់នាគមាស ឆ្នាំ២០២៥ បានផ្តួចផ្តើមអនុវត្តសកម្មភាពមនុស្សធម៌ ដោយប្រគល់សម្ភារសិក្សាជាច្រើនប្រភេទដល់សិស្សានុសិស្ស ក្នុងសាលាបឋមសិក្សាតាំងខ្មៅ ស្ថិតនៅក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដោយមានការប្រគល់នូវសម្ភារសិក្សា រួមមានកាតាប សៀវភៅផាត់ពណ៌ ខ្មៅដៃ សម្ភារៈសិក្សាជាច្រើន រួមជាមួយសម្ភារកីឡាមួយចំនួនធំដូចជា តាបប៉េងប៉ុង តារាងវាយសីជាដើម ក្នុងគោលបំណងលើកទឹកចិត្តដល់ការសិក្សា របស់សិស្សានុសិស្សនៅជនបទ។ ការប្រគល់សម្ភារនេះ ក្រោមអធិបតីភាពរបស់លោកស្រីអភិបាលរងស្រុកសាមគ្គីមានជ័យ រួមជាមួយអាជ្ញាធរមូលដ្ឋាន លោកនាយក គណៈគ្រប់គ្រង គ្រូបង្រៀននិងសិស្សានុសិស្សដែលពោរពេញដោយ ក្តីសោមនស្សរីករាយយ៉ាងខ្លាំង។
លោកវរសេនីយ៍ឯក Chen Yajun តំណាងកងទ័ពរំដោះប្រជាជនចិនបានថ្លែងថា៖ «កងទ័ពរំដោះប្រជាជនចិនមានកិត្តិយសយ៉ាងខ្លាំង ក្នុងការចូលរួមចំណែកគាំទ្រដល់ការអប់រំ របស់កុមារកម្ពុជា ដែលជាអនាគតរបស់ជាតិ។ សកម្មភាពនេះបង្ហាញពីចំណងកាន់តែរឹងមាំរួមគ្នា នៃទំនាក់ទំនងយូរអង្វែងដែលមិនត្រឹមរវាងកងទ័ព នៃប្រទេសយើងទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្កើនមេត្រីភាពនៃកល្យាណមិត្ត រវាងប្រជាជននៃប្រទេសយើងទាំងពីរថែមទៀត»។
លោកស្រី ហែម សាវេត អភិបាលរងស្រុកសាមគ្គីមានជ័យបានមានប្រសាសន៍ថា កងទ័ពរំដោះប្រជាជនចិនមិនត្រឹមតែជា ដៃគូសហការផ្នែកយោធាជាមួយកងយុទ្ធពលខេមរភូមិន្ទ ក្នុងក្របខណ្ឌសមយុទ្ធ «នាគមាស២០២៥»ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូមនុស្សធម៌ ដែលផ្តល់អាទិភាពដល់ការអភិវឌ្ឍជនបទ និងការរួមចំណែកលើកកម្ពស់គុណភាពអប់ំរំដល់ សិស្សានុសិស្សកម្ពុជាថែមទៀតផងដែរ។
ក្នុងនាមជាអ្នកសម្របសម្រួលដល់សកម្មភាពមនុស្សធម៌នេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាព កម្ពុជា-ចិន បានថ្លែងថា «សកម្មភាពនេះជាផ្នែកមួយ នៃការលើកកម្ពស់មិត្តភាពរវាងប្រជាជនទាំងពីរ និងបញ្ជាក់ពីកិច្ចសហការល្អរវាងកងទ័ព នៃប្រទេសយើងទាំងពីរ កម្ពុជានិងចិនផងដែរ»។ លោកបណ្ឌិតបានបន្ថែមថា ក្រោមទម្រដ៏រឹងមាំនៃកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី សមយុទ្ធ«នាគមាស»ដែលបានរៀបចំជាប្រចាំឆ្នាំរយៈពេល៧ឆ្នាំ មកហើយរវាងកងទ័ពប្រទេសយើងទាំងពីរ កម្ពុជានិងចិន មិនត្រឹមជាការបង្កើនទំនាក់ទំនង ប្រទេសយើងទាំងពីរកាន់តែរឹងមាំថែមទៀតលើ វិស័យយោធាដើម្បីចូលរួមចំណែកថែរក្សា សន្តិសុខក្នុងតំបន់ និងសកលលោកប៉ុណ្ណោះទេ ថែមទាំងជាសញ្ញាបង្ហាញពីភាពជិតស្និទ្ធ បំណងល្អ និងការចងមិត្តភាពឲ្យកាន់តែរឹងមាំ រវាងប្រជាជនកម្ពុជានិងចិនតាមរយៈភក្តីភាពចំពោះសន្តិភាព និងសុភមង្គលសង្គមថែមទៀតផង៕
វិទ្យុមិត្តភាពកម្ពុជាចិន