(អូតាវ៉ា)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុកាណាដា លោក François-Philippe Champagne បានជួបប្រជុំទ្វេភាគីជាមួយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent នៅខាងក្រៅកិច្ចប្រជុំ G7 ដែលកំពុងរៀបចំនៅឯក្រុងរីសត Banff នៃខេត្ត Alberta ខណៈកាណាដាជាប្រធានប្តូរវេន សម្រាប់ឆ្នាំនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ ២០២៥។
រដ្ឋមន្រ្តីហិរញ្ញវត្ថុកាណាដា បាននិយាយថា មានជំនួបដ៏ល្អជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក ហើយថាអ្នកទាំងពីរមានការពេញចិត្តនឹងភាពរីកចម្រើននៃជំនួប។ លោក Champagne បានបដិសេធធ្វើការលម្អិតអំពីជំនួបទ្វេភាគីនោះ ដោយគ្រាន់តែបានឱ្យដឹងថា «យើងមានរឿងច្រើនត្រូវជជែកគ្នា ហើយយើងបានប្រើប្រាស់ពេលវេលានោះ ដើម្បីលើកឡើងអំពីបញ្ហាមួយចំនួន»។ ចំណែក លោក Bessent គូសបញ្ជាក់ថា «យើងមានជំនួបប្រកបដោយផលិតភាព»។
គួរបញ្ជាក់ថា ជំនួបថ្នាក់រដ្ឋមន្រ្តីហិរញ្ញវត្ថុ នៅឯវេទិកា G7 កើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្រ្តី Mark Carney បានជួបគ្នា ហើយព្រមព្រៀងចាប់ផ្តើមការពិភាក្សា លើដំណាក់កាលថ្មីទំនាក់ទំនងអាមេរិក-កាណាដា៕