(មូស្គូ)៖ នៅថ្ងៃពុធ ទី២១ ខែឧសភា រុស្ស៉ីបានឱ្យដឹងថា ខ្លួនបានបាញ់ស្ទាក់យន្តហោះដ្រូនសរុបចំនួន ១៥៩គ្រឿងរបស់អ៊ុយក្រែន ក្នុងចន្លោះពេល១២ម៉ោង នៅលើតំបន់មួយចំនួននៃប្រទេសរុស្ស៉ី ក្នុងនោះរួមមានទាំងមូស្គូផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា យន្តហោះដ្រូនភាគច្រើន បានកំណត់គោលដៅលើតំបន់រុស្ស៉ី ដែលនៅជាប់ព្រំប្រទល់ជាមួយអ៊ុយក្រែន ហើយពួកវាត្រូវបានបាញ់បង្ហោះមក ចាប់ពីម៉ោង៨៖០០នាទីយប់ថ្ងៃអង្គារ រហូតដល់ម៉ោង៨៖០០នាទីព្រឹកថ្ងៃពុធ។ ការវាយប្រហារដោយយន្តហោះដ្រូននេះ កើតមានពីរថ្ងៃ បន្ទាប់ពីកិច្ចសន្ទនាទូរសព្ទរយៈពេល២ម៉ោង រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន មិនអាចសម្រេចបានលទ្ធផលរឹងមាំ ដើម្បីឆ្ពោះទៅរកបទឈប់បាញ់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។
គួរបញ្ជាក់ថា អឺរ៉ុបបាននិងកំពុងបន្តដាក់សម្ពាធឱ្យទីក្រុងមូស្គូ ព្រមទទួលយកបទឈប់បាញ់ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់វិមានក្រឹមឡាំងថា កំពុងព្យាយាមអូសបន្លាយពេលវេលា ដើម្បីបន្តប្រតិបត្តិការវាយលុករបស់ខ្លួន។ កាលពីថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា រូបលោករំពឹងថា រុស្ស៉ីនឹងបង្ហាញគំរូបទឈប់បាញ់នៅអ៊ុយក្រែន ក្នុងពេលប៉ុន្មានថ្ងៃទៀត ដើម្បីស្តែងឱ្យឃើញថា ខ្លួនមានភាពប្រាកដប្រជាមែនឬអត់ ក្នុងកិច្ចប្រឹងប្រែងបញ្ចប់ជម្លោះ៕