(ឌូបៃ)៖ នៅថ្ងៃពុធ ទី២១ ខែឧសភា តម្លៃប្រេងបានកើនឡើងច្រើនជាង ១ភាគរយ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៉ីស្រាអែលត្រៀមវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៉ីរ៉ង់ ដែលជំរុញឱ្យមានការភ័យខ្លាចថា ជម្លោះអាចរំខានដល់ការផ្គត់ផ្គង់នៅមជ្ឈិមបូព៌ា ដែលជាតំបន់ផលិតប្រេងដ៏សំខាន់របស់ពិភពលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

CNN រាយការណ៍ថា ព័ត៌មានស៊ើបការណ៍សម្ងាត់ថ្មីមួយ ដែលសហរដ្ឋអាមេរិកទទួលបាន បានឱ្យដឹងថា អ៉ីស្រាអែលកំពុងត្រៀមលក្ខណៈ បើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ប៉ុន្តែវាមិនទាន់ច្បាស់ទេ ថាតើមេដឹកនាំអ៉ីស្រាអែល បានធ្វើការសម្រេចចិត្តចុងក្រោយហើយ ឬក៏យ៉ាងណា។

សន្ទស្សន៍នៃតម្លៃប្រេងឆៅប្រភេទ Brent សម្រាប់ខែកក្កដា បានកើនឡើង ៨៦សេន ឬ ១.៣២ភាគរយ គឺ ៦៦.២៤ដុល្លារអាមេរិកក្នុងមួយបារ៉ែល។ រីឯសន្ទស្សន៍នៃតម្លៃប្រេងឆៅ West Texas របស់សហរដ្ឋអាមេរិក សម្រាប់ខែកក្កដា បានកើនឡើង ៩០សេន ឬ ១.៤៥ភាគរយ គឺ ៦២.២៣ដុល្លារក្នុងមួយបារ៉ែល។

វិនិយោគិននានា កំពុងតាមដានទិន្នន័យស្តុកប្រេងរបស់រដ្ឋាភិបាលអាមេរិក ពីរដ្ឋបាលព័ត៌មានថាមពល នៅបន្ទាប់ពីថ្ងៃពុធនេះ។ តាមប្រភពឧស្សាហកម្មមួយ ផលិតកម្មប្រេងរបស់ប្រទេសកាហ្សាក់ស្ថាន បានកើនឡើង ២ភាគរយនៅក្នុងខែឧសភា ដែលប្រឆាំងទៅនឹងសម្ពាធពីអង្គការ OPEC + ឱ្យប្រទេសនេះ កាត់បន្ថយទិន្នផលប្រេងរបស់ខ្លួន៕