(ប៉េកាំង)៖ “ទិន្នន័យទាំងនេះបានបង្ហាញឱ្យឃើញ នូវកម្លាំងរស់រវើកដ៏ធំធេងរបស់សេដ្ឋកិច្ចចិន ពួកយើងនឹងបន្តធ្វើអាជីវកម្ម កាន់តែស៊ីជម្រៅលើវិស័យសេដ្ឋកិច្ចជីវសាស្ត្រ ដែលជាវិស័យគំរូខាងកម្លាំងផលិតកម្មគុណភាពថ្មី។ ” នៅថ្ងៃទី ១៩ ខែឧសភា បន្ទាប់ពីប្រទេសចិនបានប្រកាសពីសភាពការណ៍ដំណើរការសេដ្ឋកិច្ចជាតិចិននៅខែមេសា លោក Morten Rasmussenនាយកប្រតិបតិ្តរងនៃក្រុមហ៊ុន Novonesis នៃប្រទេសដាណឺម៉ាកបានបញ្ចេញមតិយោបល់របស់ខ្លួន ដូចពោលខាងលើ ។ ព្រមពេលជាមួយគ្នានេះ ប្រព័ន្ធសារព័ត៌មានអន្តរជាតិបាននាំគ្នា ប្រើពាក្យពេចន៍ដូចជា “លើសពីការប៉ាន់ប្រមាណ” “មានភាពធន់” “រក្សាលំនឹង” ជាដើម សម្រាប់វាយតម្លៃចំពោះស្ថានភាពរបស់សេដ្ឋកិច្ចចិន។

ចាប់ពីចូលឆ្នាំនេះមក អាមេរិកបានយកការដំឡើងពន្ធគយធ្វើជាអាវុធ ជាពិសេស គឺចាប់ពីចូលខែមេសាមក អាមេរិកបានប្រកាសថា នឹងដំឡើង“ពន្ធគយបដិការ”ជាច្រើនជុំទៅលើប្រទេសចិន ប្រទេសចិនបានចាត់វិធានការតបតវិញ យ៉ាងដាច់ខាតចំពោះទង្វើនេះ។ ប្រឈមនឹងសភាពការណ៍ដែលការវាយប្រហារ ពីខាងក្រៅជះឥទ្ធិពលកាន់តែខ្លាំង និងមានបញ្ហាប្រឈមក្នុងផ្ទៃក្នុង សេដ្ឋកិច្ចចិនបានឆ្ពោះទៅមុខក្រោមកម្លាំងសម្ពាធ ហើយទទួលបានសមិទ្ធផលល្អ ដែលបានមកដោយមិនងាយទេ។

បើមើលពីសភាពការណ៍ជាតិ នៅ៤ខែដើមឆ្នាំនេះ ល្បឿនកំណើននៃសន្ទស្សន៍ដ៏សំខាន់លើវិស័យ តម្រូវការខាងផលិតកម្មនៃសេដ្ឋកិច្ចចិន សុទ្ធតែលឿនជាងឆ្នាំមុនយ៉ាងច្បាស់លាស់ ល្បឿនកំណើននៃទំហំលក់រាយទំនិញ ប្រើប្រាស់ក្នុងសង្គមនិងសន្ទស្សន៍ផលិតកម្ម លើវិស័យសេវាកម្ម សុទ្ធតែលឿនជាង០,១ភាគរយបើប្រៀបធៀបនឹងបីខែដើមឆ្នាំនេះ ។ នៅខែមេសា ក្នុងចំណោមឧស្សាហកម្មធំៗចំនួន៤១ មានឧស្សាហកម្មចំនួន ៣៦មានការកើនឡើងបើប្រៀបធៀបនឹង រយៈពេលដូចគ្នានាឆ្នាំមុន អត្រាកើនឡើងបានលើសពី៨០ភាគរយ ល។ល ទិន្នន័យបានបង្ហាញថា នៅបួនខែដើមឆ្នាំនេះ សេដ្ឋកិច្ចចិនបានកើនឡើងដោយនឹងនរក្រោមកម្លាំងសម្ពាធ ហើយមាននិន្នាការអភិវឌ្ឍន៍ដ៏ល្អប្រសើរជាបន្តបន្ទាប់ ដែលបានបង្ហាញឱ្យឃើញនូវភាពធន់ និងសមត្ថភាពទប់ទល់នឹងកម្លាំងសម្ពាធយ៉ាងខ្លាំងក្លា។

បើមើលពីសភាពការណ៍អន្តរជាតិ ដោយរងឥទ្ធិពលពី “សង្គ្រាមពន្ធគយ” ជាដើម អង្គការសហប្រជាជាតិបានចេញផ្សាយ របាយការណ៍នាពេលថ្មីៗកន្លងទៅនេះថា តាមការប៉ាន់ប្រមាណ ល្បឿនកំណើននៃសេដ្ឋកិច្ចសកលនៅឆ្នាំ២០២៥ នឹងបង្អង់ល្បឿនមកនៅត្រឹម២,៤ភាគរយ ដែលបានទាបជាង០,៤ភាគរយបើប្រៀបធៀបនឹងការប៉ាន់ប្រមាណនៅខែមករា ។ ប៉ុន្តែផ្ទុយទៅវិញ គ្រឹះស្ថានអន្តរជាតិ ដូចជាក្រុមហ៊ុន Goldman Sachs ក្រុមហ៊ុនING គ្រុបនៃប្រទេសហូឡង់ និងក្រុមហ៊ុនUBS នៃប្រទេសស្វ៊ីសជាដើមបាននាំគ្នាដំឡើងការប៉ាន់ប្រមាណ ចំពោះកំណើនសេដ្ឋកិច្ចចិននៅឆ្នាំ២០២៥ ។ អ្នកទទួលខុសត្រូវរបស់សហគ្រាសពហុជាតិជាច្រើនសម្គាល់ឃើញថា ប្រទេសចិនបានក្លាយជាពាក្យសព្វនាមនៃ "ភាពប្រាកដប្រជា"។

អ្វីដែលគួរឱ្យលើកឡើង គឺទោះបីជាប្រឈមនឹងរបាំងពន្ធគយកម្រិតខ្ពស់ក៏ដោយ ក៏ប៉ុន្តែ ពាណិជ្ជកម្មបរទេសរបស់ចិន នៅតែរក្សាកំណើនដោយនឹងនរ ដែលបានបង្ហាញឱ្យឃើញ នូវកម្លាំងប្រកួតប្រជែងអន្តរជាតិយ៉ាងខ្លាំងក្លា ។ ពីខែមករា ដល់ខែមេសា ល្បឿនកំណើននៃទំហំនាំចេញនាំចូលទំនិញរបស់ចិន បានកើនឡើង១,១ភាគរយ បើប្រៀបធៀបនឹងត្រីមាសទីមួយ ហើយការនាំចេញបានកើនឡើង៧,៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

បច្ចុប្បន្ននេះ កិច្ចពិភាក្សាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកបានទទួលការវិវឌ្ឍរីកចម្រើនជាក់ស្តែង ប្រការនេះបានកាត់បន្ថយភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកលក្នុងមួយកម្រិត ប៉ុន្តែបរិយាកាសអន្តរជាតិ នៅតែមានភាពស្មុគស្មាញនិងតានតឹងដដែល។ មិនខ្លាចហានិភ័យនិងបញ្ហាប្រឈម ប្រទេសចិននឹងធ្វើកិច្ចការរបស់ខ្លួន ឱ្យបានល្អយ៉ាងមុតមាំមិនងាករេ ក៏ដូចជាពង្រីកការបើកទូលាយ ប្រកបដោយកម្រិតខ្ពស់យ៉ាងមុតមាំមិនងាករេផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន