(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារ ទី២០ ខែឧសភាថា ក្នុងសប្តាហ៍នេះ អាកាសធាតុនៅភាគខាងជើង និងភាគកណ្តាលនៃប្រទេសចិន បានកើនឡើងសីតុណ្ហភាពក្តៅខ្លាំង ដល់កម្រិតបំបែកកំណត់ត្រាប្រចាំខែឧសភា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP។
សីតុណ្ហភាព បានកើនឡើងលើសពី ៤០អង្សាសេ នៅក្នុងទីក្រុងសំខាន់ៗមួយចំនួន រាប់បញ្ចូលទាំងទីក្រុង Zhengzhou មានប្រជាជន ១៣លាននាក់នៃខេត្ត Henan ភាគកណ្តាល ដែលមានសីតុណ្ហភាព ៤១អង្សាសេ។ ចំណែក ទីក្រុង Linzhou ដែលនៅជាប់គ្នានោះ សីតុណ្ហភាពបានកើនឡើងដល់ ៤៣.២អង្សាសេ ខណៈទីក្រុងតូចមួយ Shahe ក្នុងខេត្ត Hebei ភាគខាងជើង មានសីតុណ្ហភាព ៤២.៩អង្សាសេ។ តាមទីភ្នាក់ងារអាកាសធាតុជាតិ គិតត្រឹមរសៀលថ្ងៃចន្ទ ស្ថានីយអាកាសធាតុចំនួន ៩៩ ទូទាំងប្រទេស វាស់ឃើញកំដៅត្រូវគ្នា ឬលើសពីកំណត់ត្រាសីតុណ្ហភាពនៃខែឧសភាមុនៗ។ ទីភ្នាក់ងារអាកាសធាតុ បានជំរុញប្រជាជនប្តូរសម្លៀកបំពាក់តាមពេល ដែលអាកាសធាតុប្រែប្រួលដើម្បីចៀសវាងជំងឺផ្តាសាយ។
គួរបញ្ជាក់ថា ប្រទេសចិន មានលក្ខខណ្ឌអាកាសធាតុខ្លាំង រាប់ចាប់ពីកំដៅ និងគ្រោះរាំងស្ងួត រហូតដល់ភ្លៀងធ្លាក់ និងទឹកជំនន់ អំឡុងពេលនៃរដូវក្តៅ៕