(បែរឡាំង)៖ កាលពីយប់ថ្ងៃចន្ទ ទី១៩ ខែឧសភា អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា មេដឹកនាំអឺរ៉ុប បានឯកភាពគ្នាបង្កើនសម្ពាធលើរុស្ស៉ីតាមរយៈទណ្ឌកម្ម បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្ទនាតាមទូរសព្ទ ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
កាលពីថ្ងៃចន្ទ លោក ត្រាំ បាននិយាយទូរសព្ទជាមួយលោក ពូទីន ព្រមទាំងជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ហើយនិងបណ្តាមេដឹកនាំនៃសហភាពអឺរ៉ុប បារាំង អ៉ីតាលី អាល្លឺម៉ង់ និងហ្វាំងឡង់ ដើម្បីព្យាយាមឆ្ពោះទៅរកទីបញ្ចប់សម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ ក្រោយកិច្ចសន្ទនានោះ លោក ត្រាំ បានអះអាងថា រុស្ស៉ីនិងអ៊ុយក្រែន បានយល់ព្រមចាប់ផ្តើមដំណើរការចរចាបទឈប់បាញ់ភ្លាមៗ ប៉ុន្តែលោកហាក់មិនទាន់ធានាបាននូវសម្បទានធំដុំណាមួយមួយនៅឡើយទេ អំឡុងការនិយាយទូរសព្ទរយៈពេល២ម៉ោង ជាមួយលោក ពូទីន។
លោក Merz បានបង្ហោះសារនៅលើប្រព័ន្ធ X យ៉ាងដូច្នេះថា «អឺរ៉ុបនិងអាមេរិក រួបរួមគ្នាយ៉ាងរឹងមាំលើរឿងនេះ៖ គឺពួកយើងនឹងបន្តគាំទ្រយ៉ាងជិតស្និទ្ធចំពោះអ៊ុយក្រែន លើផ្លូវឆ្ពោះទៅរកបទឈប់បាញ់។ អឺរ៉ុបនឹងបង្កើនសម្ពាធលើទីក្រុងមូស្គូតាមរយៈទណ្ឌកម្ម។ នេះគឺជាអ្វីដែលពួកយើងបានឯកភាពគ្នា ជាមួយលោកប្រធានាធិបតីអាមេរិក ក្រោយកិច្ចសន្ទនារបស់លោក ជាមួយលោក ពូទីន»។
គួរបញ្ជាក់ថា ទីក្រុងកៀវនិងសម្ព័ន្ធមិត្តរបស់ខ្លួននៅអឺរ៉ុប បានព្យាយាមជំរុញឱ្យទីក្រុងមូស្គូ ទទួលយកបទឈប់បាញ់គ្មានលក្ខខណ្ឌ សម្រាប់សង្រ្គាម ដែលបានអូសបន្លាយជាង៣ឆ្នាំមកហើយនេះ។ ប៉ុន្តែរុស្ស៉ីធ្លាប់បាននិយាយថា ខ្លួនមានក្តីបារម្ភថា អ៊ុយក្រែនអាចនឹងប្រើប្រាស់ការផ្អាកបែបនោះ ជាឱកាសដើម្បីប្រមូលផ្តុំកម្លាំងនិងបំពាក់អាវុធបន្ថែម៕