(ហែលស៉ិនគី)៖ ក្រសួងការពារជាតិហ្វាំងឡង់ បានឱ្យដឹងថា ហ្វាំងឡង់នឹងផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន គិតជាទឹកប្រាក់ ៩០លានអឺរ៉ូ ឬ ១០១.៣៥លានដុល្លារ ដោយយកចេញពីទ្រព្យសម្បត្តិរបស់រុស្ស៉ី ដែលសហភាពអឺរ៉ុបបានបង្កក ក្រោយការចាប់ផ្តើមសង្រ្គាមឈ្លានពាន នៅខែកុម្ភៈ ឆ្នាំ ២០២២។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ ២០២៥។
រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Hakkanen បញ្ជាក់ថា «យើងអាចចរចារផ្តល់មូលនិធិបន្ថែម សម្រាប់ការគាំទ្ររបស់ហ្វាំងឡង់ចំពោះអ៊ុយក្រែន។ សម្ភារៈដែលត្រូវទិញ គឺទិញពីឧស្សាហកម្មហ្វាំងឡង់ ដូច្នេះវាអាចជំរុញការងារក្នុងស្រុក ហើយអាចបញ្ជូនទៅអ៊ុយក្រែន ដើម្បីការពារប្រទេសបានទៀត។ ខ្ញុំពិតជារីករាយ ជាមួយនិងលទ្ធផលនេះ»។
គួរបញ្ជាក់ថា គណៈកម្មការអឺរ៉ុប បានសម្រេចចិត្តកាលពីឆ្នាំមុន ថាទ្រព្យសម្បត្តិរុស្ស៉ីដែលត្រូវបានបង្កក អាចយកមកប្រើប្រាស់ ដើម្បីគាំទ្រដល់វិស័យយោធាអ៊ុយក្រែន តាមរយៈមូលនិធិគ្រប់គ្រងដោយសហភាពអឺរ៉ុប។ សហភាពអឺរ៉ុប ប៉ាន់ស្មានថាទ្រព្យសកម្មរបស់រុស្ស៉ី ដែលបានបង្កកមានតម្លៃប្រហែល ៣០០ពាន់លានដុល្លារ នៅក្នុងប្លុកទាំង ២៧ប្រទេស។ ភាគច្រើនវាជាទម្រង់នៃមូលបត្របំណុលរបស់រដ្ឋាភិបាល ដែលធនាគារកណ្តាលរុស្ស៉ី រក្សាទុកជាទុនបម្រុង៕