(ឡុងដ៍)៖ មេដឹកនាំចក្រភពអង់គ្លេស កាណាដា និងបារាំង កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា បានគំរាមដាក់ទណ្ឌកម្មប្រឆាំងនឹងអ៉ីស្រាអែល ប្រសិនបើមិនព្រមបញ្ឈប់ប្រតិបត្តិការ វាយលុកថ្មីមួយដែលកំពុងធ្វើឡើងនៅក្នុងតំបន់ហ្កាហ្សា និងលុបចោលការបិទខ្ទប់ជំនួយទេនោះ ជាការដាក់សម្ពាធបន្ថែមលើលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោធាអ៉ីស្រាអែលបានប្រកាសពីការចាប់ផ្ដើមប្រតិបត្តិការយោធាថ្មីមួយប្រឆាំងក្រុមហាម៉ាស កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ លោក Netanyahu បាននិយាយថាអ៉ីស្រាអែលនឹងគ្រប់គ្រងលើតំបន់ហ្កាហ្សាទាំងមូល នៅចំពោះមុខការព្រមានពីក្រុមអ្នកជំនាញអន្តរជាតិអំពីគ្រោះទិរភិក្ស។ នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយ ចេញផ្សាយដោយរដ្ឋាភិបាលអង់គ្លេស មេដឹកនាំអង់គ្លេស កាណាដា និងបារាំង បានគូសបញ្ជាក់ថា «ការបដិសេធរបស់រដ្ឋាភិបាលអ៉ីស្រាអែលចំពោះការនាំចូលជំនួយមនុស្សធម៌ សម្រាប់ជនស៊ីវិលគឺជារឿងមិនអាចទទួលយកបាន ហើយមានហានិភ័យនៃការបំពានលើច្បាប់មនុស្សធម៌អន្តរជាតិ។ យើងសូមប្រឆាំងទៅនឹងរាល់ការប៉ុនប៉ងទាំងឡាយណា ក្នុងការពង្រីកការតាំងទីលំនៅខុសច្បាប់នៅក្នុងតំបន់ West Bank...យើងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការចាត់វិធានការសកម្មភាពបន្ទាប់ ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្ម ផងដែរ»

តាមសេចក្ដីថ្លែងការណ៍រួមនេះ មេដឹកនាំប្រទេសទាំង៣ ក៏បានរំឮកឡើងវិញដែរថាពួកគេគំាទ្រសិទ្ធិរបស់អ៉ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងនឹងភេរវកម្ម។ ប៉ុន្តែការបង្កើនជម្លោះ ជារឿងមិនអាចទទួលយកបាន ហើយថាពួកគេនឹងមិនឈរនៅស្ងៀម ខណៈរដ្ឋាភិបាលរបស់លោក Netanyahu កំពុងធ្វើសកម្មភាពឃោរឃៅនោះទេ។

តែជាការឆ្លើយតបទៅនឹងការគំរាមនេះ លោក Netanyahu បាននិយាយថាមេដឹកនាំអង់គ្លេស កាណាដា និងបារាំង កំពុងផ្ដល់រង្វាន់ដ៏ធំមួយចំពោះការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ និងលើកទឹកចិត្តឱ្យមានការវាយប្រហារបែបនេះតទៅទៀត។ លោកបន្ថែមថាអ៉ីស្រាអែលនឹងការពារខ្លួនឯងរហូតទាល់តែសម្រេចបានជ័យជម្នះទាំងស្រុង ជាមួយការសង្កត់ធ្ងន់ពីលក្ខខណ្ឌដើម្បីបញ្ចប់សង្រ្គាមក្នុងនោះរួមមានការដោះលែងចំណាប់ខ្មាំងនៅសេសសល់ និងការរំសាយយោធានៅក្នុងតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា អ៉ីស្រាអែលបានបិទខ្ទប់មិនឱ្យជំនួយដូចជាថ្នាំពេទ្យ ចំណីអាហារ និងប្រេងឥន្ធនៈចូលទៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីដើមខែមីនាមក ដើម្បីព្យាយាមដាក់សម្ពាធឱ្យ ក្រុមហាម៉ាសដោះលែងចំណាប់ខ្មាំង៕