(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ស្តីពីការស្វែងរកសន្តិភាពនៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ថា មាន «ភាពជាប់គាំង» ក្នុងការបញ្ចប់ជម្លោះនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អនុប្រធានាធិបតី លោក JD Vance បានបញ្ជាក់យ៉ាងច្បាស់មុនកិច្ចសន្ទនានេះដែលគ្រោងធ្វើនៅម៉ោង ១០ព្រឹក (ម៉ោងខាងកើតសហរដ្ឋអាមេរិក) ថា ទីក្រុងវ៉ាស៊ីនតោនយល់ថា មាន«ភាពជាប់គាំង» ហើយលោក ត្រាំ នឹងព្យាយាមវាយតម្លៃថាតើវិមានក្រឹមឡាំង «ពិតជាយកចិត្តទុកដាក់» ក្នុងការបញ្ចប់សង្គ្រាមឬទេ។ លោក Vance បានបន្ថែមថា ប្រសិនបើរុស្ស៊ីមិនបង្ហាញឆន្ទៈទេ សហរដ្ឋអាមេរិកអាចនឹងសម្រេចចិត្តថា «នេះមិនមែនជាសង្គ្រាមរបស់យើងទៀតទេ»។

ទោះបីជាមានសម្ពាធការទូត រួមទាំងការជំរុញពីមេដឹកនាំអឺរ៉ុបឲ្យលោក ពូទីន ទទួលយកបទឈប់បាញ់ ៣០ថ្ងៃក៏ដោយ លោក ពូទីន នៅតែរក្សាជំហរដ៏តឹងរ៉ឹងលើលក្ខខណ្ឌសន្តិភាពរបស់លោក ខណៈកងកម្លាំងរុស្ស៊ីបន្តការវាយលុក និងទើបតែបើកការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំកាលពីថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា កិច្ចសន្ទនារវាងលោក ត្រាំ និងលោក ពូទីន នាថ្ងៃចន្ទនេះ ត្រូវបានគេមើលឃើញថាជាពេលវេលាដ៏សំខាន់ ដែលអាចកំណត់ពីអនាគតនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការសម្រុះសម្រួលសន្តិភាពនៅអ៊ុយក្រែន៕