(វ៉ាស៊ីនតោន)៖ យោធាអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា បាននិយាយថាខ្លួនបានបើកប្រតិបតិ្តការវាយលុកតាមជើងគោកទ្រង់ទ្រាយធំថ្មីមួយ នៅទូទាំងតំបន់ហ្កាហ្សាជាផ្នែកមួយនៃ ការពង្រីកសមរភូមិប្រយុទ្ធក្រោមប្រតិបត្តិការថ្មីមួយមានឈ្មោះថា «Gideon’s Chariots» ក្នុងគោលដៅវាយបំបាក់ក្រុមហាម៉ាស។ យោធាអ៉ីស្រាអែល នៅថ្ងៃសៅរ៍ ទី១៧ ខែឧសភា ក៏បានទទួលស្គាល់ដែរថា ការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំក្នុងតំបន់ហ្កាហ្សាធ្វើឡើងនារយៈពេលប៉ុន្មានថ្ងៃមកនេះគឺជាផ្នែកមួយនៃដំណាក់កាលដំបូងនៃប្រតិបត្តិការយោធាថ្មីមួយនេះ។

* អ្វីទៅជាប្រតិបត្តិការ Gideon’s Chariots?
ត្រូវបានអនុម័តជាផ្លូវការដោយគណៈរដ្ឋមន្ត្រីសន្តិសុខអ៉ីស្រាអែលកាលពីថ្ងៃទី៦ ខែឧសភា ប្រតិបត្តិការ Gideon’s Chariots មានគោលដៅវាយបំបាក់ក្រុមហាម៉ាស និងបង្កើតស្ថានភាពថ្មីមួយក្នុងតំបន់ហ្កាហ្សា ជាមួយការរក្សាវត្តមានយោធាអ៉ីស្រាអែល និងការដោះលែងចំណាប់ខ្មាំង។ ទោះបីជាប្រតិបត្តិការយោធានេះត្រូវបានគេមើលឃើញថាទំនងជាចង់ដាក់សម្ពាធឱ្យហាម៉ាសដោះលែងចំណាប់ខ្មាំងមួយចំនួន ជាថ្នូរនឹង បទឈប់បាញ់ក្នុងរយ​ៈពេលណាមួយក៏ដោយ តែវាក៏អាចបង្កឱ្យមានហានិភ័យចំនួនផងដែរក្នុងនោះរួមមានការអូសបន្លាយការកាន់កាប់របស់អ៉ីស្រាអែលើតំបន់ហ្កាហ្សា ការកើនឡើងនៃសង្រ្គាមទ័ពព្រៃ ការប្រមូលផ្ដុំកម្លាំងឡើងវិញរបស់ក្រុមហាម៉ាស និងការប្រឆាំងជំទាស់ពី UN បណ្ដាប្រទេសអឺរ៉ុប និងបណ្ដាប្រទេសអារ៉ាប់។ នៅលើក្រដាស Gideon’s Chariots គឺជាផែនការមួយគ្រប់ជ្រុងជ្រោយទាំងយោធា និងការទូត ក៏ដូចជាសង្រ្គាមចិត្តសាស្ត្រដើម្បីសម្រេចតាមគោលដៅដែលអ៉ីស្រាអែលចង់បាន។ អ៉ីស្រាអែលមិនដែលបានបញ្ជាក់លម្អិតពីផែនការរបស់ខ្លួន សម្រាប់ហ្កាហ្សាក្រោយសង្រ្គាមបិទបញ្ចប់នោះទេ ហើយវាអាចមកពីការខ្វែងគំនិតគ្នាផ្ទៃក្នុង និងខ្វះការសម្របសម្រួលពេញលេញជាមួយទីក្រុងវ៉ាស៊ីនតោន។ ប៉ុន្តែប្រតិបត្តិការ Gideon’s Chariots បានបង្ហើបឱ្យដឹងពីលក្ខខណ្ឌមួយចំនួននៅក្រោយសង្រ្គាមបញ្ចប់ រួមមានបំបាក់ហាម៉ាស និងក្រុម Palestinian Islamic Jihad ព្រមទាំងបង្កើតឡើងវិញនូវការគ្រប់គ្រងហ្កាហ្សាដោយយោធាអ៉ីស្រាអែល ដែលក្នុងនោះលោកនាយករដ្ឋមន្ត្រី Binyamin Netanyahu បានបញ្ជាក់ យ៉ាងច្បាស់ពីតម្រូវការចាំបាច់នៃការកាន់របស់អ៉ីស្រាអែល ការរំសាយយោធានៅហ្កាហ្សា បំផ្លាញសមត្ថភាពអភិបាលកិច្ចរបស់ហាម៉ាស ជម្លៀសប្រជាជនប៉ាឡេស្ទីនទៅកាន់ភាគខាងត្បូងហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំងដែលហាក់ដូចជាអាទិភាពចុងក្រោយគេរបស់លោក Netanyahu។

* តើប្រតិបត្តិការយោធាថ្មីរបស់អ៉ីស្រាអែលនឹងកម្ទេចក្រុមហាម៉ាស ឬ?
ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក ហាម៉ាសបានបាត់បង់ផ្នែកសំខាន់ៗជាច្រើននៃសមត្ថភាពយោធារបស់ខ្លួន ខណៈការលេចឡើងនូវបាតុកម្មតវ៉ាប្រឆាំងនឹងចលនា​ប្រដាប់អាវុធមួយនេះបានបង្ហាញពីរោគសញ្ញានៃ ភាពចលាចល និងអាណាធិបតេយ្យ ដូចជាការលួចប្លន់ជំនួយជាដើម។ ដើម្បីក្ដាប់ស្ថានការណ៍ ហាម៉ាសបានបង្កើតស្ថាប័នប៉ូលិសថ្មីមួយ និងកងកម្លាំងសន្តិសុខផ្ទៃក្នុង ជាមួយការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង មានទាំង ការប្រហារជីវិតអ្នកលួចប្លន់ស្បៀងនៅតាមទីសាធារណៈទៀតផង។ តាមលោកស្រី Neomi Neumann ជាអ្នកជំនាញម្នាក់មកពីវិទ្យាស្ថាន The Washington Institute បើគ្មានស្ថាប័នគ្រប់គ្រងដ៏មានប្រសិទ្ធភាព មួយ ជំនួសការគ្រប់គ្រងរបស់ហាម៉ាសទេ នោះការថយចុះសមត្ថភាពរបស់ហាម៉ាសគឺគ្រាន់តែជារឿងបណ្ដោះអាសន្ន និងមួយផ្នែកប៉ុណ្ណោះ។ លោកស្រីបន្ថែមថាក្រសួង និងស្ថាប័នជាច្រើននៅហ្កាហ្សាដែលគ្រប់គ្រងដោយហាម៉ាសនៅតែបន្តផ្ដល់សេវាសំខាន់ៗមួយចំនួនដល់ប្រជាជនប៉ាឡេស្ទីន ក្រោមកិច្ចសម្របសម្រួលជាញឹកញាប់ជាមួយទីភ្នាក់ងារផ្ដល់ជំនួយអន្តរជាតិ។ លើសពីនេះទៅទៀត ទោះជា កងកម្លាំងយោធារបស់ខ្លួនរងការខូចខាតធ្ងន់ធ្ងរក៏ពិតមែន តែហាម៉ាសនៅតែអាចរក្សាបាននូវសមត្ថភាពស្ដារកម្លាំងឡើងវិញ។ កាលពីខែមករា ទីភ្នាក់ងារស៊ើបការណ៍អាមេរិកបានវាយតម្លៃថាហាម៉ាសជ្រើសរើស បានសមាជិកថ្មីប្រហែល ១៥ ០០០នាក់ ក្រោយបាត់បង់អ្នកប្រយុទ្ធជាង ២០ ០០០នាក់។ ជាការពិត ហាម៉ាសមិនមានសមត្ថភាពធ្វើប្រតិបត្តិការយោធាដូចកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នោះទេ។ តែហាម៉ាសនៅមានសមត្ថភាពធ្វើសង្រ្គាមទ័ពព្រៃ ការវាយប្រហារដោយអ្នកលបបាញ់ ឬ sniper ការវាយប្រហារប្រឆាំងរថក្រោះ និងការបង្កប់គ្រាប់មីន។

* ​តើប្រតិបត្តិការយោធាថ្មីរបស់អ៉ីស្រាអែលអាចធ្វើឱ្យហាម៉ាសផ្លាស់ប្ដូរគោលជំហរ ឬ?
ហាម៉ាសត្រូវបានគេចាត់ទុកជា «ជាមនោគមន៍វិជ្ជា» មួយដែលបានចាក់ឫសយ៉ាងជ្រៅនៅក្នុងតំបន់ហ្កាហ្សាដែលនេះមានន័យថាពួកគេមិនអាចចុះចាញ់មនោគមន៍វិជ្ជា ឬនយោបាយរបស់ Zionist (អ៉ីស្រាអែល) បាននោះឡើយ។ ដូច្នេះការកាន់កាប់ជាអចិន្ត្រៃយ៍ណាមួយរបស់អ៉ីស្រាអែលនឹងផ្ដល់ឱកាសឱ្យហាម៉ាសប្រមូលផ្ដុំការគំាទ្រពីប្រជាជនប៉ាឡេស្ទីនទាំងនៅក្នុងតំបន់ហ្កាហ្សា និង West Bank ដោយបញ្ចុះបញ្ចូលថាការតស៊ូប្រដាប់អាវុធជាវិធីសាស្ត្រត្រឹមត្រូវតែមួយគត់សម្រាប់ការតស៊ូដើម្បីជាតិ និងទឹកដី។ ការដាក់សម្ពាធពីយោធាអ៉ីស្រាអែល និងការថយចុះចំនួនចំណាប់ខ្មាំងនៅក្នុងដៃរបស់ខ្លួន អាចនឹងធ្វើឱ្យហាម៉ាសបន្ទន់ជំហរ ក្នុងរយៈពេលខ្លី។ ជាឧទាហរណ៍៖ ខណៈអ៉ីស្រាអែលបង្កើនការវាយប្រហារលើហ្កាហ្សា ហាម៉ាសយល់ព្រមលើលក្ខខណ្ឌមួយផ្នែកនៃកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង បទឈប់បាញ់បណ្ដោះអាសន្ន និងការដោះដូរអ្នកទោស។ តែទោះជាបែបនេះក្ដី ហាម៉ាសទំនងជានឹងមិនយល់ព្រមដោះលែងចំណាប់ខ្មាំងនៅសល់ទាំងអស់ឡើយ ប្រសិនបើមិនមានការធានាយ៉ាងរឹងមាំពីអន្តរជាតិចំពោះបទឈប់បាញ់ជាអចិន្ត្រៃយ៍ ឬមានរយៈពេលច្រើនឆ្នាំ ការដកកងទ័ពរបស់អ៉ីស្រាអែលចេញពីហ្កាហ្សា និងការបង្កើតអាជ្ញាធរស៊ីវិលប៉ាឡេស្ទីនមួយគ្រប់គ្រងលើហ្កាហ្សាទេនោះ។ ហាម៉ាសនឹងស្វែងរកការរក្សាឥទ្ធិពលរបស់ខ្លួនលើអាជ្ញាធរស៊ីវិលនេះ បើទោះជាក្រុមរបស់ខ្លួនត្រូវបានផាត់ចេញក៏ដោយ។

* គ្រោះ និងឱកាស
តាមលោកស្រី Neumann ការអនុវតាមយ៉ាងពេញលេញតាមប្រតិបត្តិការយោធា Gideon’s Chariots អាចនឹងលុបបំបាត់សមត្ថភាពយោធាសេសសល់ និងអភិបាលកិច្ចរបស់ក្រុមហាម៉ាស ក្នុងរយៈពេលខ្លី ទៅមធ្យម។ ប្រតិបត្តិការយោធានេះក៏អាចធ្វើឱ្យហាម៉ាសដោះលែងចំណាប់ខ្មាំងមួយចំនួនជាថ្នូរនឹងបទឈប់បាញ់មានរយៈពេលកំណត់ណាមួយដែរ។ ប៉ុន្តែផែនការរបស់រដ្ឋាភិបាលលោក Netanyahu ហាក់ដូចជា មិនបានផ្ដោតជាអាទិភាពចម្បងលើការដោះលែងចំណាប់ខ្មាំងនោះទេ។ ម្យ៉ាងវិញទៀត ការសម្រេចបានបទឈប់បាញ់ ឬការដោះលែងចំណាប់ខ្មាំង វាក៏អាស្រ័យផងដែរថាតើសហរដ្ឋអាមេរិក និងបណ្ដាប្រទេស ក្នុងតំបន់មជ្ឈិមបូព៌ាមានឆន្ទ​ៈដាក់សម្ពាធលើអ៉ីស្រាអែល និងហាម៉ាសក្នុងកម្រិតណា? ហើយបើមិនមានអន្តរាគមន៍ ឬការដាក់សម្ពាធបែបនេះទេ នោះប្រតិបត្តិការ Gideon’s Chariots នឹងធ្វើឱ្យទាំងអ៉ីស្រាអែល និងហាម៉ាសប្រកាន់យកជំហរតឹងរ៉ឹងរៀងៗខ្លួន។

គួរបញ្ជាក់ថា សម្រាប់លោកស្រី Neumann មិនថាអ៉ីស្រាអែលអនុវត្តតាមគ្រប់ដំណាក់កាលទាំងអស់នៃប្រតិបត្តិការយោធា Gideon’s Chariots ឬក៏ទទួលយកការចូលរួមរបស់ក្រុមហាម៉ាសក្នុងកម្រិតណាមួយ ក្រោយសង្រ្គាមហ្កាហ្សាបញ្ចប់ ឬក៏អត់នោះទេ? ក៏ចលនាហាម៉ាសទំនងជានឹងនៅតែរក្សាបាននូវវត្តមានដ៏សំខាន់របស់ខ្លួននៅហ្កាហ្សា។ លោកស្រីបន្តថាដើម្បីរារាំងមិនឱ្យហាម៉ាសក្លាយជាអ្នកត្រួតត្រា និងដើម្បី កាត់បន្ថយឥទ្ធិពលរបស់ហាម៉ាសនៅហ្កាហ្សា គេត្រូវតែស្វែងរកតួអង្គ ឬស្ថាប័នណាផ្សេងមួយមកជំនួសដែលអាចទទួលខុសត្រូវលើការគ្រប់គ្រងកិច្ចការស៊ីវិល និងសណ្ដាប់ធ្នាប់សាធារណៈនៅហ្កាហ្សា៕