(ហ្សេរុយសាឡឹម)៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសនៅថ្ងៃចន្ទថា អ៊ីស្រាអែលនឹង «គ្រប់គ្រងគ្រប់ផ្នែកទាំងអស់នៃតំបន់ហ្គាហ្សា» និងកម្ទេចក្រុមហាម៉ាស់ឲ្យទាល់តែបាន ទោះបីជាត្រូវបង្ខំចិត្តអនុញ្ញាតឲ្យជំនួយមនុស្សធម៌មួយចំនួនចូល បន្ទាប់ពីមានសម្ពាធខ្លាំងពីសហរដ្ឋអាមេរិកជុំវិញវិបត្តិអត់ឃ្លានក៏ដោយ។នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៩ ខែឧសភា ឆ្នាំ២០២៥។
នៅក្នុងសារវីដេអូមួយ លោក Netanyahu បានសន្យាសម្រេចបាននូវការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ទាំងអស់ និងការបំផ្លាញក្រុមហាម៉ាស់។ លោកបានពន្យល់ថា ការអនុញ្ញាតឲ្យជំនួយខ្លះចូល គឺដោយសារតែការព្រមានពីសមាជិកព្រឹទ្ធសភាអាមេរិក ដែលថា រូបភាពនៃភាពអត់ឃ្លានកំពុងធ្វើឲ្យប៉ះពាល់ដល់ការគាំទ្រអ៊ីស្រាអែល និងអាចនាំឲ្យអ៊ីស្រាអែល «បាត់បង់ការគ្រប់គ្រង» លើស្ថានការណ៍។ លោកថា នេះជាការចាំបាច់ «ដើម្បីសម្រេចបាននូវជ័យជម្នះ» ដែលជាសារមួយផ្ញើទៅកាន់ក្រុមស្តាំនិយមក្នុងរដ្ឋាភិបាលរបស់លោក។
ទន្ទឹមនឹងនេះ យោធាអ៊ីស្រាអែលបានប្រកាសពីប្រតិបត្តិការថ្មីឈ្មោះ "Operation Gideon's Chariots" នៅទូទាំងតំបន់ហ្គាហ្សា ហើយបានព្រមានអ្នកស្រុកនៅទីក្រុង Khan Younis ភាគខាងត្បូង ឲ្យជម្លៀសខ្លួនជាបន្ទាន់ ដើម្បីត្រៀម «ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក»។ ការវាយប្រហារតាមអាកាសពេញមួយយប់ បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ២០នាក់ ហើយយោធាអ៊ីស្រាអែលអះអាងថា បានវាយប្រហារគោលដៅ ១៦០កន្លែងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។
ខណៈដែលរថយន្តជំនួយមួយចំនួនត្រូវបានគេឃើញធ្វើដំណើរចូលហ្គាហ្សានៅថ្ងៃចន្ទ អ៊ីស្រាអែលនៅតែបន្តរារាំងការផ្គត់ផ្គង់សំខាន់ៗភាគច្រើនចូលតំបន់នេះចាប់តាំងពីខែមីនា ដែលនាំឲ្យមានការព្រមានពីទុរ្ភិក្សទ្រង់ទ្រាយធំពីសំណាក់ទីភ្នាក់ងារផ្តល់ជំនួយអន្តរជាតិ។
គួរបញ្ជាក់ថា ការប្រកាសរបស់លោក Netanyahu អំពីការគ្រប់គ្រងហ្គាហ្សាទាំងមូល ស្របពេលដែលការប្រយុទ្ធគ្នាកំពុងតែក្តៅគគុក និងវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ បានបង្ហាញពីភាពស្មុគស្មាញនៃគោលដៅសង្គ្រាមរបស់អ៊ីស្រាអែល និងសម្ពាធដែលខ្លួនកំពុងប្រឈម៕