(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្តល់អនុសាសន៍ណែនាំសំខាន់ សម្រាប់ការងារចងក្រងផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំទី ១៥ដោយសង្កត់ធ្ងន់ថា ការងាររៀបរៀងចងក្រង និងអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ មានសារសំខាន់ខ្លាំង ចំពោះការអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវការរៀបចំចាត់ចែងជាយុទ្ធសាស្រ្តរបស់សមាជបក្សកុម្មុយនីស្តចិនលើកទី២០ និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន។

យើងត្រូវប្រកាន់ខ្ជាប់នូវការសម្រេចចិត្តតាមបែបវិទ្យាសាស្ត្រ ប្រជាធិបតេយ្យ និងតាមផ្លូវច្បាប់ បង្កើនការស្រាវជ្រាវ និងស្វែងយល់ពីការងារ ប្រមូលផ្តុំគំនិតឯកភាពរួមយ៉ាងទូលំទូលាយ ស្តាប់មតិយោបល់និងសំណើរបស់ប្រជាជន និងគ្រប់មជ្ឈដ្ឋានក្នុងសង្គមតាមវិធីសាស្រ្តផ្សេងៗ ស្រូបយកបទពិសោធន៍ថ្មីៗរបស់កម្មាភិបាលនិងមហាជន ដែលទទួលបានពីការអនុវត្តជាក់ស្តែង យកចិត្តទុកដាក់លើភាពជាប្រព័ន្ធ ភាពពេញលេញនិងភាពស៊ីសង្វាក់គ្នា រវាងភារកិច្ចនិងគោលនយោបាយ ដើម្បីសម្រេចការងាររៀបរៀងនិងចងក្រងប្រកបដោយគុណភាពខ្ពស់៕

វិទ្យុមិត្តភាពកម្ពុជាចិន