(ប៉េកាំង)៖ ថ្លែងប្រាប់រដ្ឋមន្រ្តីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen នៅទីក្រុងប៉េកាំង នាថ្ងៃចន្ទ ទី១៩ ខែឧសភា រដ្ឋមន្រ្តីការបរទេសចិន លោក Wang Yi បាននិយាយថា ប្រទេសចិនសង្ឃឹមថា ដាណឺម៉ាកនឹងបន្តគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Wang បាននិយាយថា ចិនសង្ឃឹមថា ដាណឺម៉ាកនឹងបន្តគាំទ្រគោលជំហរត្រឹមត្រូវស្របច្បាប់របស់ចិន ជុំវិញបញ្ហានានា ដែលពាក់ព័ន្ធជាមួយអធិបតេយ្យនិងបូរណភាពទឹកដីរបស់ចិន។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីនៅសប្តាហ៍មុន អតីតមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកូប៉ិនហាក ដែលនាំឱ្យមានការរិះគន់ខ្លាំងៗ ពីទីក្រុងប៉េកាំង។ ដែនកោះតៃវ៉ាន់ ត្រូវទីក្រុងប៉េកាំងចាត់ទុកត្រឹមជា ផ្នែកមួយប៉ុណ្ណោះនៃប្រទេសចិន។
គួរបញ្ជាក់ថា ក្រៅពីនេះ លោករដ្ឋមន្រ្តីការបរទេសចិន បានប្រាប់សមភាគីដាណឺម៉ាកថា ចិនគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យ ក៏ដូចជាបូរណភាពទឹកដីរបស់ប្រទេសដាណឺម៉ាក ជុំវិញបញ្ហាកោះ Greenland ដែលជាដែនដីស្វយ័តដ៏ធំមួយ ស្ថិតក្រោមការគ្រប់គ្រងរបស់ដាណឺម៉ាក និងដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងជាច្រើនលើកថា ចង់កាន់កាប់៕