(ហាណូយ)៖ អាជ្ញាធរវៀតណាមបានឱ្យដឹងនៅថ្ងៃចន្ទ ទី១៩ ខែឧសភាថា គ្រោះរអិលបាក់ដីមួយកើតមានឡើងក្រោយទឹកជំនន់ នៅតំបន់ជួរភ្នំភាគខាងជើងប្រទេស បានផ្តាច់ជីវិតមនុស្ស៤នាក់ ហើយការព្យាករបានព្រមានថា នឹងបន្តមានភ្លៀងធ្លាក់ខ្លាំងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

គ្រោះរអិលបាក់ដីខាងលើ បានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ នៅស្រុក Ba Be ខេត្ត Bac Kan បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ កាលពីថ្ងៃសៅរ៍។ ក្រោយហេតុការណ៍នោះ អាជ្ញាធរខេត្តបានណែនាំឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងស្នើឱ្យពិនិត្យមើល​សុវត្ថិភាពជាបន្ទាន់ សម្រាប់សហគមន៍នៅតាមដងប្រឡាយ ទន្លេ ព្រមទាំងកន្លែងដទៃទៀត ដែលងាយរងគ្រោះបំណាក់ដី ហើយបើស្ថិត​ក្រោមហានិភ័យ ប្រជាជនចាំបាច់ត្រូវជម្លៀសទៅរកទីសុវត្ថិភាពភ្លាម។ ការព្យាករឧតុនិយមបានបង្ហាញថា ការធ្លាក់ភ្លៀងខ្លាំងនឹងបន្ត​នៅតំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសវៀតណាម។

គួរបញ្ជាក់ថា វៀតណាមជាប្រទេសមួយ ងាយរងគ្រោះដោយសារព្យុះត្រូពិក ដែលជារឿយៗបង្កជាគ្រោះទឹកជំនន់និងបំណាក់ដី​ដ៏អាក្រក់ៗ ប៉ុន្តែពួកវាភាគច្រើនវាយប្រហារលើវៀតណាម នៅចន្លោះខែមិថុនា និងខែវិច្ឆិកា។ កាលពីឆ្នាំទៅមិញ មនុស្ស៥១៤នាក់ បានបាត់បង់ជីវិតនៅប្រទេសអាស៊ានមួយនេះ ដោយសារគ្រោះធម្មជាតិ ខណៈតួលេខនោះគឺខ្ពស់ជាងឆ្នាំ២០២៣ ដល់ទៅ៣ដង។ ហេតុផលចម្បងមួយ គឺដោយសារនៅខែកញ្ញា ឆ្នាំ២០២៤ តំបន់ភាគខាងជើងវៀតណាម បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយព្យុះទីហ្វុងឈ្មោះ Yagi ដែលបានសម្លាប់មនុស្សរហូតដល់៣៤៥នាក់ និងបង្កការខូចខាតផ្នែកសេដ្ឋកិច្ចទំហំប្រហែល ៣.៣ពាន់លានដុល្លារអាមេរិក៕