(ហុងកុង)៖ ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់នៅក្នុងខេត្ត Guangdong និងខេត្ត Guangxi នៃភាគខាងត្បូងប្រទេសចិនបានផ្ដាច់យកជីវិតមនុស្ស៥នាក់ និងជាច្រើននាក់ទៀតបានបាត់ខ្លួន កាលពីចុងសប្ដាហ៍កន្លងទៅនេះ ខណៈអាជ្ញាធរបានចេញការប្រកាសអាសន្នពីភ្លៀងធ្លាក់ខ្លាំង គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីនៅភាគខាងត្បូងនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ចិនបានចេញសារព្រមានជាច្រើនកាលពីចុងសប្ដាហ៍កន្លងទៅអំពីភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ជាច្រើន នៃខេត្ត Jiangxi, Zhejiang, Fujian, Guangxi, Guangdong រួមទាំងតំបន់ Xinjiang ចាប់ពីថ្ងៃអាទិត្យ រហូតដល់ថ្ងៃចន្ទ ទី១៩ ខែឧសភា។ ក្នុងនោះកម្រិតប្រកាសអាសន្នពណ៌លឿនត្រូវបានចេញនៅតាមផ្នែកជាច្រើននៃខេត្ត Zhejiang, Fujian, Guangdong និងខេត្ត Guangxi ជាមួយការព្រមានពីហានិភ័យខ្ពស់នៃទឹកជំនន់ហូរចុះពីលើភ្នំ។
ចិនមានកម្រិតប្រកាសអាសន្នចំនួន ៤កម្រិត ដែលពណ៌ក្រហមធ្ងន់ធ្ងរជាងគេ បន្ទាប់មកមានពណ៌ទឹកក្រូច ពណ៌លឿង និងពណ៌ខៀវតាមលំដាប់លំដោយ៕