(ហ្សាការតា)៖ ទីភ្នាក់ងារតាមដានភ្នំភ្លើងរបស់ប្រទេសឥណ្ឌូណេស៊ី បានប្រកាសដំឡើងកម្រិតប្រកាសអាសន្ននៃសកម្មភាពភ្នំភ្លើង Lewotobi Laki-laki ដល់កម្រិតខ្ពស់ បន្ទាប់ពីភ្នំភ្លើងនេះ បានផ្ទុះ៨ដងកាលពីចុងសប្ដាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ភ្នំភ្លើង Lewotobi Laki-laki មានទីតាំងស្ថិតនៅលើកោះ Flores នៃភាគខាងកើតឥណ្ឌូណេស៊ី បានផ្ទុះជះផេះឡើងទៅលើអាកាសកម្ពស់ចន្លោះពី៣គីឡូម៉ែត្រ ដល់៥គីឡូម៉ែត្រកាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា។ នេះបើតាមលោក Muhammad Wafid ជាប្រធានទីភ្នាក់ងារតាមដានភ្នំភ្លើងរបស់ឥណ្ឌូណេស៊ី។ លោក Wafid បានគូសបញ្ជាក់បន្ថែមទៀតថា «ការវិភាគរបស់យើង បានបង្ហាញថាសកម្មភាពភ្នំភ្លើង Lewotobi Laki-laki នៅតែស្ថិតក្នុងកម្រិតខ្ពស់ ដូច្នេះយើងបានដំឡើងកម្រិតប្រកាសអាសន្ន ដោយចាប់ផ្ដើមពីម៉ោង៨យប់ថ្ងៃអាទិត្យ»

គួរបញ្ជាក់ថា ភ្នំភ្លើង Lewotobi Laki-laki បានផ្ទុះសាជាថ្មីនៅព្រឹកថ្ងៃចន្ទ ទី១៩ ខែឧសភានេះ ដោយជះផេះទៅលើអាកាសខ្ពស់ ១.២គីឡូម៉ែត្រ។ ប៉ុន្តែ មិនទាន់មានការចេញបញ្ជាឱ្យជម្លៀស ប្រជាជននៅឡើយទេ រីឯជើងហោះហើរនៅតែដំណើរការធម្មតាមកទល់នឹងពេលនេះ៕