(វ៉ាស៉ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានក្រុមគូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺមហារីកក្រពេញប្រស្ដាត (prostate cancer) ក្រោមទម្រង់វិវត្តន៍យ៉ាងលឿនរហ័សដោយ កោសិកាមហារីកបានឆ្លងរាលដាលទៅដល់ឆ្អឹងរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក បៃដិន មានអាយុ ៨២ឆ្នាំ បានទទួលការធ្វើរោគវិនិច្ឆ័យកាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីរូបលោកមានបញ្ហាបត់ជើងតូច។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១៨ ខែឧសភា ការិយាល័យរបស់លោក បៃដិន បានឱ្យដឹងថាក្រុមគ្រួសាររបស់អតីតប្រធានាធិបតីអាមេរិកកំពុងពិគ្រោះយោបល់ និងពិនិត្យលើជម្រើសព្យាបាលជាមួយក្រុមគ្រូពេទ្យ។

ក្រោយទទួលបានដំណឹងនេះភ្លាម ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថារូបលោកមានអារម្មណ៍សោកសៅនៅពេលទទួលបានដំណឹងថាលោក បៃដិន មានជំងឺមហារីក។ «យើងសូមជូនពរឱ្យលោកស្រី Jill (ភរិយារបស់លោក បៃដិន) និងក្រុមគ្រួសារជួបតែសំណាងល្អ ហើយយើងសង្ឃឹមថា ចូ (លោក ចូ បៃដិន) នឹងជាសះស្បើយយ៉ាងឆាប់រហ័ស»។ នេះជាការលើកឡើងរបស់លោក ត្រាំ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social។

ក្រៅពីលោក ត្រាំ លោកស្រី Kamala Harris ដែលធ្លាប់ជាអតីតអនុប្រធានាធិបតីរបស់លោក ចូ បៃដិន ក៏បានបង្ហោះសារជូនពរឱ្យលោក បៃដិនឆាប់ជាសះស្បើយផងដែរ៕