(ហ្គាហ្សា)៖ មន្ត្រីសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ ថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១៣០នាក់នៅទូទាំងតំបន់ហ្គាហ្សាពេញមួយយប់ ខណៈដែលកិច្ចពិភាក្សាស្តីពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ មិនមានសញ្ញានៃការរីកចម្រើនឡើយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងសុខាភិបាលហ្គាហ្សា លោក Khalil Al-Deqran បានប្រាប់ Reuters ថា «គ្រួសារទាំងមូលត្រូវបានលុបចេញពីបញ្ជីឈ្មោះអត្រានុកូលដ្ឋាន ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល»។ ក្រសួងសុខាភិបាលក៏បានរាយការណ៍ដែរថា ក្នុងសប្តាហ៍ដែលបញ្ចប់នៅថ្ងៃអាទិត្យនេះ ប៉ាឡេស្ទីនយ៉ាងតិច ៤៦៤នាក់ផ្សេងទៀតត្រូវបានសម្លាប់ ដោយសារការទម្លាក់គ្រាប់បែកកាន់តែខ្លាំងក្លារបស់អ៊ីស្រាអែល។

ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​បញ្ជាក់​ថា មានកិច្ច​ពិភាក្សា​ដោយ​ប្រយោល​ចុងក្រោយ​នៅ​ទីក្រុង​ដូហា បាន​រាប់​បញ្ចូល​ទាំង​ការ​ពិភាក្សា​លើ​សំណើ​បញ្ចប់​សង្គ្រាម ជា​ថ្នូរ​នឹង​ការ​និរទេស​មេដឹកនាំ​ហាម៉ាស់ និង​ការ​រំសាយ​អាវុធ​របស់​ក្រុម​នេះ។ ប៉ុន្តែ ទោះបីជា​មាន​ការ​ពិភាក្សា​លើ​សំណើ​នេះ​ក៏ដោយ មន្ត្រី​ជាន់ខ្ពស់​អ៊ីស្រាអែល​ម្នាក់​បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​រីកចម្រើន​ក្នុង​កិច្ចចរចា​ទាំងមូល​នោះ​ទេ។

មន្ត្រីក្រុមហាម៉ាស់ម្នាក់បានប្រាប់ Reuters ថា «ជំហររបស់អ៊ីស្រាអែលនៅតែមិនផ្លាស់ប្តូរ ពួកគេចង់ដោះលែងចំណាប់ខ្មាំង ដោយគ្មានការប្តេជ្ញាចិត្តដើម្បីបញ្ចប់សង្គ្រាម»។ លោកបានរំលឹកឡើងវិញថា ហាម៉ាស់ស្នើសុំការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលទាំងអស់ ជាថ្នូរនឹងការបញ្ចប់សង្គ្រាម ការដកទ័ពអ៊ីស្រាអែល បញ្ចប់ការបិទផ្លូវជំនួយ និងការដោះលែងអ្នកទោសប៉ាឡេស្ទីន។

ការវាយប្រហារតាមអាកាសពេញមួយយប់នេះ កើតឡើងខណៈអ៊ីស្រាអែលរៀបចំសម្រាប់អ្វីដែលខ្លួនហៅថាជាការវាយលុកថ្មី ដើម្បីសម្រេចបាន «ការគ្រប់គ្រងប្រតិបត្តិការ» នៅក្នុងផ្នែកខ្លះនៃតំបន់ហ្គាហ្សា។ អ៊ីស្រាអែលក៏បានរារាំងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ស្បៀងអាហារ និងប្រេងឥន្ធនៈចូលហ្គាហ្សា តាំងពីដើមខែមីនា ដើម្បីដាក់សម្ពាធលើក្រុមហាម៉ាស់។

គួរបញ្ជាក់ថា ភាពជាប់គាំងនៃកិច្ចចរចា និងការបន្តអំពើហិង្សា កំពុងបង្កឲ្យមានក្តីបារម្ភកាន់តែខ្លាំងអំពីជោគវាសនារបស់ចំណាប់ខ្មាំង និងវិបត្តិមនុស្សធម៌ដែលកំពុងតែដុនដាបនៅក្នុងតំបន់ហ្គាហ្សា៕