(កៀវ)៖ នៅថ្ងៃអាទិត្យ ទី១៨ ខែឧសភា អាជ្ញាធរអ៊ុយក្រែនបានឱ្យដឹងថា រុស្ស៉ីបានបើកការវាយប្រហារដោយយន្តហោះដ្រូនដ៏ច្រើនបំផុតមួយ ដែលបានសម្លាប់ស្រ្តីម្នាក់ និងបង្កឱ្យមនុស្ស៣នាក់ផ្សេងទៀតរងរបួស ខណៈទីក្រុងមូស្គូបង្កើនការវាយប្រហាររបស់ខ្លួន បន្ទាប់ពីកិច្ចចរចាស្វែងរកសន្តិភាព ធ្វើឡើងនៅតួកគីយ៉េកាលពីថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា ក្នុងការវាយប្រហារថ្មីចុងក្រោយបង្អស់ រុស្ស៉ីបានប្រើប្រាស់ដ្រូនសរុប២៧៣គ្រឿង ដែលមានគោលដៅជាចម្បងលើតំបន់កៀវភាគកណ្តាល រួមជាមួយតំបន់ Dnipropetrovsk និង Donetsk នៅភាគខាងកើត។ កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន អះអាងថាបាញ់កម្ទេចបាន៨៨គ្រឿង ក្នុងចំណោមដ្រូនទាំងអស់នោះ ហើយ១២៨គ្រឿង មិនបានហោះចំគោលដៅអ្វីមួយឡើយ។ ទោះជាបែបនេះក្តី ស្រ្តីអាយុ២៤ឆ្នាំម្នាក់ បានបាត់បង់ជីវិតនៅតំបន់រដ្ឋធានីកៀវ ហើយមនុស្សយ៉ាងហោច៣នាក់ផ្សេងទៀត រួមមានទាំងកុមារអាយុ៤ឆ្នាំម្នាក់ បានរងរបួស។ រីឯកាលពីថ្ងៃសៅរ៍វិញ ការវាយប្រហារដោយដ្រូនរបស់រុស្ស៉ី បានសម្លាប់ជនស៉ីវិល៩នាក់ ក្រោយត្រូវចំរថយន្តក្រុង១គ្រឿង នៅតំបន់ Sumy ភាគឦសានអ៊ុយក្រែន។

គួរបញ្ជាក់ថា កិច្ចចរចាទល់មុខគ្នាផ្ទាល់ជាលើកដំបូង ក្នុងរយៈពេល៣ឆ្នាំរវាងរុស្ស៉ីនិងអ៊ុយក្រែន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បរាជ័យក្នុងការសម្រេចបាននូវបទឈប់បាញ់បណ្តោះអាសន្ន ដែលទីក្រុងកៀវចង់បាន។ ប៉ុន្តែការនិយាយគ្នារយៈពេល១០០នាទី នៅទីក្រុងអ៉ីស្តង់ប៊ូលនោះ ឈានដល់ការព្រមព្រៀងគ្នាដោះដូរឈ្លើយសឹកម្ខាងៗចំនួន១០០០នាក់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ថា លោកនឹងនិយាយជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អំពីសង្រ្គាមអ៊ុយក្រែន នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ៕