(ប៉េកាំង)៖ ១៨ ឧសភា ឆ្នាំ២០១៨ ជាគីឡូម៉ែត្រចេញដំណើរសំខាន់ដែលពិភពលោក បាននៅចងចាំពីភាពជោគជ័យ នៃសន្និសីទជាតិលើកទី៨របស់ប្រទេស ស្តីពីការការពារបរិស្ថានអេកូឡូស៊ី ដែលសន្និសីទនោះជាវេទិកាខ្ពស់បំផុត និងមានឥទ្ធិពលយ៉ាងជ្រាលជ្រៅលើប្រព័ន្ធអេកូឡូស៊ីរបស់ប្រទេសចិន។
សន្និសីទនោះបានធ្វើជាក្រាំងឯកសារចងក្រងពីសមិទ្ធផលទ្រឹស្តីដ៏សំខាន់ នៃទស្សនវិជ្ជារបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានស្ថាបនា និងមគ្គុទ្ទេសក៍មាគ៌ាដ៏ប្រពៃ សម្រាប់ជាបន្ទាត់នយោបាយ របស់រដ្ឋាភិបាលចិន ឆ្ពោះទៅបង្កើនការប្តេជ្ញាចិត្តកាន់តែខ្ពស់ក្នុងនាមជា អ្នកការពារយ៉ាងខ្ជាប់ខ្ជួនដល់បរិស្ថានសកល ដោយរក្សាបាន នូវស្មារតីប្រយុទ្ធមិនរួញរាយកជ័យជម្នះលើសមរភូមិ ដើម្បីប្រឆាំងនឹងការបំពុលបរិស្ថាន និងការបំផ្លិចបំផ្លាញអេកូឡូស៊ី។ គោលដៅនៃការកសាងប្រទេសចិនដ៏ស្រស់ស្អាត និងអភិវឌ្ឍអរិយធម៌អេកូឡូស៊ី ជាអង្គពីរដែលមានភាពប្រទាក់ក្រឡាគ្នា ព្រមទាំងរួមគ្នាបើកជំពូកថ្មីនៃការលើកកម្ពស់បៃតងភាពយ៉ាងពេញលេញ ដល់ការកសាងសហគមន៍រួមជីវិត សុខដុមនីយកម្មរវាងមនុស្សនិងធម្មជាតិ ចាក់បញ្ចូលទាំងស្រុងទៅក្នុងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។
៧ឆ្នាំកន្លងមកនេះ មិនត្រឹមតែជាការចងចាំប៉ុណ្ណោះទេ ថែមទាំងជាការសិក្សាយ៉ាងស៊ីជម្រៅពីទស្សនវិជ្ជារបស់លោក Xi Jinping ដែលបញ្ជាក់យ៉ាងច្បាស់តាមបែបវិទ្យាសាស្រ្តថា បរិស្ថានអេកូឡូស៊ីល្អគឺជាអត្ថប្រយោជន៍រួមបំផុតចំពោះ សុខុមាលភាពរបស់មនុស្សជាតិ។ ការផ្តល់អាទិភាពដល់ការដោះស្រាយបញ្ហាបំពុលបរិស្ថាន ដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស គឺជាគោលដៅដែលមនុស្សជាតិត្រូវសហការរួមគ្នា ស្របតាមខ្លឹមសារ ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ។ ពីចំណែករបស់ប្រទេសចិន ការកសាងអរិយធម៌អេកូឡូស៊ី មានសារៈសំខាន់ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកប ដោយចីរភាពនៃប្រជាជាតិចិន ហើយត្រូវបានចារឹកនៅក្នុងខ្លឹមសារដ៏សំខាន់ ដូចមានចែងនៅក្នុងស្មារតីនៃសមាជលើកទី១៨របស់បក្សកុម្មុយនិស្តចិន ដោយបានផ្តល់នូវគតិយ៉ាងជ្រាលជ្រៅទាក់ទងនឹងអរិយធម៌ អេកូឡូស៊ីដើម្បីគាំទ្រដល់កិច្ចការពារបរិស្ថាន ហើយត្រូវបានកត់បញ្ចូលទៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។
៧ឆ្នាំមកនេះ ដោយផ្តើមពីឆ្នាំ២០១៨ ប្រទេសចិនបានតម្រង់ទិសដល់ ការដាក់ចេញនូវផែនការ៥ឆ្នាំជាទៀងទាត់របស់ខ្លួន ជាពិសេសផែនការ៥ឆ្នាំលើកទី១៤ (ឆ្នាំ២០២១-ឆ្នាំ២០២៥) បាននិងកំពុងអនុវត្តគោលការណ៍ណែនាំ ដើម្បីគ្រប់គ្រងការបំពុលខ្យល់ ទឹក និងដី ឈានក្នុងជំហានយ៉ាងស្វាហាប់ដោយសម្រេចបាន មុនការមកដល់នូវរបៀបវារៈ របស់អង្គការសហប្រជាជាតិ ឆ្នាំ២០៣០សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ការណ៍នេះ ប្រទេសចិនបានផ្តល់ នូវការធានាយ៉ាងរឹងមាំតាមរយៈការរៀបចំស្ថាប័នល្អបំផុត និងប្រព័ន្ធច្បាប់ដ៏តឹងរ៉ឹងបំផុតស្របតាមគោលការណ៍ នីតិរដ្ឋក្នុងវិស័យសំខាន់ៗប្រឆាំងនឹងបញ្ហាបរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់ប្រទេសចិន ក្នុងយុគសម័យថ្មី ដែលនឹងរួមចំណែក យ៉ាងសកម្មដល់វឌ្ឍនភាពបរិស្ថានវិទ្យានៅក្នុងប្រទេសចិន ព្រមទាំងជំរុញល្បឿននៃការអភិវឌ្ឍ ប្រកបដោយចីរភាពសកលដោយយកគំរូភាពពីប្រទេសចិន។ ជាក់ស្តែងផ្ទៃដី ដែលមានដើមឈើលូតលាស់ប្រមាណ២៥%ក្នុងប្រទេសចិន ការរួមចំណែករបស់ប្រទេសចិនក្នុងការអភិរក្សជីវចម្រុះ និងកិច្ចការពារសត្វដែលស្ថិតនៅក្នុងបញ្ជីសត្វជិតផុតពូជ ព្រមទាំងសត្វកម្រដូចជាដំរីអាស៊ី ជាសក្ខីភាពនិងជាទឡ្ហីករណ៍គូសរំលេចយ៉ាងប្រត្យក្ស ពីគោលនយោបាយឥតផ្លាស់ប្តូរបស់ ប្រទេសចិនលើការងារការពារបរិស្ថានជូនដល់ពិភពលោក។
១៨ ឧសភា ២០១៨ បានត្រួសត្រាយផ្លូវដល់១៥ សីហា ២០២៣ ក្នុងការកំណត់ជាទិវាជាតិអេកូឡូស៊ី ហើយជាយន្តការសកលដែលពិភពលោកបាននិងកំពុង រៀនសូត្រពីបទពិសោធន៍របស់ប្រទេសចិន ហើយដែលសហគមន៍អន្តរជាតិ បានប្តេជ្ញាចិត្តធ្វើការរួមគ្នាជាមួយប្រទេសចិនលើការកសាងអរិយធម៌អេកូឡូស៊ីសកល និងរួមគ្នាប្រកៀកស្មារយ៉ាងខ្លាំងក្លា ដល់អភិបាលកិច្ចបរិស្ថានសកល ដើម្បីឈានទៅរកដំណោះស្រាយទូទាំងពិភពលោក សម្រាប់ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈបទពិសោធន៍ប្រកបដោយគរុសភានៃប្រាជ្ញាចិន លើដោះស្រាយប្រឆាំងនឹង ការប្រែប្រួលអាកាសធាតុ។ បញ្ញត្តិ«ប្រទេសចិនស្អាត» និង «ការស្តារនិងអភិវឌ្ឍជនបទ គ្រប់ជ្រុងជ្រោយ»នៅក្នុងប្រទេសចិន បានចាក់បញ្ចូលនូវអរិយធម៌អេកូឡូស៊ី ដែលជាមាគ៌ាឆ្ពោះទៅកាន់ទំនើបកម្មសង្គមនិយមតាមបែបផែនចិន ហើយដែលប្រជាជនចិន គ្រប់រូបយល់ស្របគ្នាថា «ការថែរក្សាអរិយធម៌អេកូឡូស៊ីប្រៀបដូចជាថែរក្សាកែវនេត្រារបស់ខ្លួន»។ កិច្ចបង្កើនល្បឿនដល់អរិយធម៌អេកូឡូស៊ី ស្របតាមគោលគំនិតរួមរបស់ប្រជាជន គឺជាអភិបាលកិច្ចប្រទេសចិន ស្របតាមខ្លឹមសារជាសារវន្តនៃប្រជាធិបតេយ្យតាមបែបផែនចិន និងជាគោលបំណងដើមរបស់បក្សកុម្មុយនិស្តចិន ដែលបម្រើជាប់ជានិច្ច នូវផលប្រយោជន៍របស់ប្រជាជន ស្របនឹងទស្សនវិជ្ជារបស់លោក Xi Jinping ថា «អ្វីដែលប្រជាជនចូលចិត្ត ត្រូវលើកតម្កើង អ្វីដែលប្រជាជនស្អប់ ត្រូវទប់ស្កាត់»។
ជារួម ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ (១៨ ឧសភា ២០១៨ - ២០២៥) ប្រទេសចិនបានខិតខំប្រឹងប្រែងយ៉ាងទូលំទូលាយ ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតងភាព និងសេដ្ឋកិច្ចបៃតងដោយពង្រីកឧស្សាហកម្មដើរដោយ ថាមពលស្អាតប្រកបដោយ ការធានាលើសន្តិសុខថាមពល និងប្រគល់មេឃពណ៌ខៀវដល់ប្រជាជនចិន ព្រមទាំងខិតខំប្រឹងប្រែងយ៉ាងជាប់លាប់ជានិច្ច ក្នុងការកែលម្អបរិស្ថានរស់នៅ និងថែរក្សាទេសភាពដ៏ស្រស់ស្អាតនៅក្នុងជនបទចិន ដើម្បីសន្តិសុខស្បៀង និងធានាការចែករំលែក គំរូភាពដល់សហគមន៍អន្តរជាតិពីបទពិសោធន៍យ៉ាងជោគជ័យស្តីពីការអភិវឌ្ឍនប្រកបដោយចីរភាព និងសុខភាពល្អមាំធន់ខ្លាំង នៃសង្គម-សេដ្ឋកិច្ចរបស់ប្រទេសចិន៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន