(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍ ទី១៧ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ថា លោកនឹងនិយាយជាមួយប្រធានាធិបតីរុស្ស៉ី វ៉្លាឌីមៀ ពូទីន ព្រមទាំងជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នាថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ក្រោយកិច្ចចរចាក្នុងសប្តាហ៍នេះរវាងមន្រ្តីរបស់ភាគីទាំងពីរ នៅឯប្រទេសតួកគីយ៉េ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ បានសរសេរនៅលើបណ្តាញ Truth Social ថា លោកនឹងនិយាយទូរសព្ទជាមួយលោក ពូទីន ដើម្បីជជែកអំពីរឿងបញ្ចប់សង្រ្គាម នៅម៉ោង២រសៀលថ្ងៃចន្ទ ម៉ោង GMT។ ហើយបន្ទាប់មកទៀត លោកនឹងនិយាយជាមួយ លោក ហ្សេលេនស្គី និងជាមួយមេដឹកនាំនៃបណ្តាប្រទេសជាសមាជិករបស់អង្គការ NATO។ លោក ត្រាំ សង្ឃឹមថា វានឹងជាថ្ងៃមួយប្រកបដោយលទ្ធផល ព្រមទាំងនឹងមានបទឈប់បាញ់ ហើយសង្រ្គាមដ៏បង្ហូរឈាម ដែលមិនគួរកើតមានឡើងនេះ នឹងអាចបញ្ចប់ទៅវិញ។

គួរបញ្ជាក់ថា កិច្ចចរចាកាលពីថ្ងៃសុក្រសប្តាហ៍នេះ នៅទីក្រុងអ៉ីស្តង់ប៊ូលនៃប្រទេសតួកគីយ៉េ គឺជាកិច្ចចរចាទល់មុខគ្នាលើកដំបូងបំផុត រវាងរុស្ស៉ីនិងអ៊ុយក្រែន គិតចាប់តាំងពីខែមីនា ឆ្នាំ២០២២។ យ៉ាងណាមិញ វាបញ្ចប់ទៅដោយមិនទាន់សម្រេចបានបទឈប់បាញ់នៅឡើយទេ។ លោក ត្រាំ បានស្នើទៅចូលរួមកិច្ចចរចានោះ អំឡុងដំណើរទស្សនកិច្ចនៅពិភពអារ៉ាប់ ប្រសិនបើលោក ពូទីន ទៅចូលរួមដោយផ្ទាល់ ប៉ុន្តែលោកប្រធានាធិបតីរុស្ស៉ី បានបដិសេធ ដោយបញ្ជូនក្រុមមន្រ្តីទៅជំនួសវិញ។ ចាប់តាំងពីត្រឡប់មកាន់អំណាចវិញ លោក ត្រាំ បានព្យាយាមដាក់សម្ពាធឱ្យលោក ពូទីន និងលោក ហ្សេលេនស្គី ស្វែងរកមធ្យោបាយដើម្បីបញ្ចប់សង្រ្គាម ដែលអូសបន្លាយជាង៣ឆ្នាំមកហើយនេះ៕