(ញូវយ៉ក)៖ ប៉ូលិសអាមេរិក និងកងទ័ពជើងទឹកម៉ិកស៉ិក បានឱ្យដឹងថា កាលពីយប់ថ្ងៃសៅរ៍ ទី១៧ ខែឧសភា (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ទូកហ្វឹកហ្វឺន១គ្រឿងរបស់កងទ័ពជើងទឹកម៉ិកស៉ិក បានបើកទៅប៉ះជាមួយផ្នែកខាងក្រោម​នៃស្ពាន Brooklyn Bridge ក្នុងទីក្រុងញូវយ៉ក ជាហេតុបណ្តាលឱ្យមានមនុស្សមួយចំនួនរងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNN។

អ្នកនាំពាក្យប៉ូលិសញូវយ៉ក បាននិយាយថា ទូកខាងលើដែលជាប្រភេទទូកក្តោង បានជួបហេតុការណ៍នោះ កាលពីវេលាម៉ោង៨៖២៦នាទីយប់។ ក្នុងចំណោមនុស្សយ៉ាងហោច ២០នាក់ ដែលបានរងរបួសក្នុងឧប្បត្តិហេតុ មាន៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ រីឯកងទ័ពជើងទឹកម៉ិកស៉ិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា អំឡុងការធ្វើដំណើរចាកចេញ ទូក Cuauhtémoc Sailboat នៅទីក្រុងញូវយ៉ក បានជួបឧប្បត្តិហេតុជាមួយស្ពាន Brooklyn Bridge ជាហេតុបង្កការខូចខាតចំពោះទូកក្តោងនោះ ហើយរារាំងមិនឱ្យវាបន្តការធ្វើដំណើរហ្វឹកហាត់ ជាបណ្តោះអាសន្ន ខណៈស្ថានភាពនាវិកនិងទូក កំពុងស្ថិតក្រោមការពិនិត្យពិច័យពី​កងទ័ពជើងទឹកម៉ិកស៉ិក និងអាជ្ញាធរប្រចាំមូលដ្ឋាន ដែលកំពុងជួយផ្តល់ការគាំទ្រ។

គួរបញ្ជាក់ថា យោងតាមឃ្លីបវិដេអូបង្ហាញពីហេតុការណ៍ខាងលើ គឺនៅពេលបើកឆ្លងកាត់ក្រោមស្ពាន Brooklyn Bridge បង្គោលក្តោងរបស់ទូក Cuauhtémoc Sailboat ដែលមានផ្ទុកមនុស្សសរុបជាង២០០នាក់ បានប៉ះទង្គិចជាមួយស្ពាន ដោយសារតែមានកម្ពស់ខ្ពស់ខ្លាំងពេក ៕