(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ពីវិមានក្រឹមឡាំងថា ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញបណ្តាមេដឹកនាំ និងអគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់ សម្រាប់កិច្ចប្រជុំកំពូលរុស្ស៉ី-អារ៉ាប់ ដែលគ្រោងរៀបចំជាលើកដំបូងនៅថ្ងៃទី១៥ ខែតុលា។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោក ពូទីន គូសបញ្ជាក់ថា «ខ្ញុំជឿជាក់ថា កិច្ចប្រជុំនេះនឹងរួមចំណែកដល់ការពង្រឹងបន្ថែមទៀតនៃកិច្ចសហប្រតិបត្តិការពហុភាគី ដែលមានផលប្រយោជន៍ទៅវិញទៅមក ហើយនឹងជួយស្វែងមធ្យោបាយដើម្បីធានាដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង»។

គួរបញ្ជាក់ថា សម្ព័ន្ធអារ៉ាប់ ដែលជាអង្គការក្នុងតំបន់នៃរដ្ឋអារ៉ាប់នៅមជ្ឈិមបូព៌ា និងផ្នែកខ្លះនៃទ្វីបអាហ្រ្វិក មានរដ្ឋសមាជិកចំនួន ២២។ សម្ព័ន្ធនេះចងមេត្រីភាពនឹងគ្នាលេីកិច្ចការនយោបាយ សេដ្ឋកិច្ច និងយោធានៅក្នុងតំបន់។

សេចក្តីរាយការណ៍នេះកើតឡើង បន្ទាប់ពីដំណើរទស្សនកិច្ចរយៈពេល ៤ថ្ងៃរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឆ្លងកាត់តំបន់ឈូងសមុទ្រក្នុងសប្តាហ៍នេះ។ ទីក្រុងវ៉ាស៉ីនតោន អះអាងថា មានការធានាបាននូវកិច្ចព្រមព្រៀងជាច្រើន រួមទាំងការប្តេជ្ញាចិត្តវិនិយោគរបស់អារ៉ាប៊ីសាអូឌីតចំនួន ៦០០ពាន់លានដុល្លារ នៅអាមេរិក ការលក់អាវុធអាមេរិកក្នុងទំហំទឹកប្រាក់ ១៤២ពាន់លានដុល្លារទៅឱ្យអារ៉ាប៊ីសាអូឌីត និងភាពជាដៃគូ AI ជាមួយប្រទេសអេមីរ៉ាត់អារ៉ាប់រួម៕