(មូស្គូ)៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃសៅរ៍ ទី១៧ ខែឧសភាថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន អាចនឹងជួបលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី លុះត្រាតែមានការឈានដល់ កិច្ចព្រមព្រៀងមួយចំនួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានគូសបញ្ជាក់អំឡុងសន្និសីទសារព័ត៌មានខ្លីមួយថា «យើងពិចារណាថាវាអាចទៅរួច ប៉ុន្តែលុះត្រាតែសម្រេចបានលទ្ធផលមួយចំនួនក្នុងទម្រង់នៃ កិច្ចព្រមព្រៀងរវាងភាគីទាំង២ជាមុនសិន»។ លោក Peskov មិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជាកិច្ចព្រមព្រៀងដែលរុស្ស៉ីចង់បាននោះទេ? លោក ពូទីន និងលោក ហ្សេលេនស្គីមិនដែលបានជួបគ្នាឡើយ ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩មក។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក ​ហ្សេលេនស្គី បានយល់ព្រមជួបលោក ពូទីន ក្នុងប្រទេសតួកគីនៅក្នុងសប្ដាហ៍នេះ។ ប៉ុន្តែលោក ពូទីនបែរជាបញ្ជូនគណៈប្រតិភូរុស្ស៉ីទៅចរចាជាមួយអ៊ុយក្រែន ទៅវិញ កាលពីថ្ងៃសុក្រ ទី១៦ ខែឧសភា ដែលជាកិច្ចចរចាដោយផ្ទាល់ជាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ចាប់តាំងពីខែមីនា ឆ្នាំ២០២២មក។ ខាងអ៊ុយក្រែនបានឱ្យដឹងថាខ្លួនបានលើកឡើងពីជំនួបរវាង លោក ពូទីន និងលោក ហ្សេលេនស្គី ក្នុងកិច្ចចរចានោះដែរ។ លោក ពូទីនខ្លួនឯងគឺជាអ្នកបបួលអ៊ុយក្រែនចរចាកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ កន្លងមក លោក ពូទីនមិនបានទទួលស្គាល់លោក ហ្សេលេនស្គី ជាប្រធានាធិបតីស្របច្បាប់របស់អ៊ុយក្រែននោះទេ ដោយសំអាងថាអាណត្តិជាប្រធានាធិបតីរបស់លោក ហ្សេលេនស្គីបានផុតសុពលភាពកាលពីឆ្នាំមុន៕