(រ៉ូម)៖ របាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយនៅថ្ងៃសុក្រ ទី១៦ ខែឧសភា បានបង្ហាញថា អសន្តិសុខស្បៀងធ្ងន់ធ្ងរ និងកង្វះអាហារូបត្ថម្ភរបស់កុមារ បានកើនឡើងដល់កម្រិតកំណត់ត្រា សម្រាប់ឆ្នាំទីប្រាំមួយជាប់ៗគ្នាក្នុងឆ្នាំ ២០២៤ ដោយបានប៉ះពាល់ដល់មនុស្សជាង ២៩៥លាននាក់ នៅទូទាំង ៥៣ប្រទេស និងដែនដី ខណៈជម្លោះ អាកាសធាតុប្រែប្រួលខ្លាំង និងវិបត្តិសេដ្ឋកិច្ច គឺជាកត្តាជំរុញចម្បង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥។

តួលេខនេះ បានកត់សម្គាល់ការកើនឡើង ៥% ធៀបនឹងឆ្នាំ ២០២៣ ដោយ ២២.៦% នៃប្រជាជននៅក្នុងតំបន់រងគ្រោះខ្លាំងបំផុត កំពុងប្រឈមនឹងភាពអត់ឃ្លានកម្រិតវិបត្តិ ឬអាក្រក់ជាងនេះ។ លោក Rein Paulsen នាយកផ្នែកសង្គ្រោះបន្ទាន់នៃអង្គការស្បៀងអាហារ និងកសិកម្មរបស់ UN (FAO) បានថ្លែងថា «របាយការណ៍សកលឆ្នាំ ២០២៥ ស្តីពីវិបត្តិស្បៀងអាហារ បានបង្ហាញរូបភាពដ៏គួរឲ្យតក់ស្លុត»។

អង្គការសហប្រជាជាតិបានព្រមានពីស្ថានភាពកាន់តែអាក្រក់ទៅៗនៅឆ្នាំនេះ ដោយសារការធ្លាក់ចុះយ៉ាងគំហុកនៃមូលនិធិសម្រាប់ជំនួយស្បៀងអាហារមនុស្សធម៌ ពី ១០% ទៅជាង ៤៥%។ រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រូវបានគេមើលឃើញថា បាននាំមុខក្នុងការកាត់បន្ថយនេះ តាមរយៈការកាត់បន្ថយយ៉ាងខ្លាំងនូវប្រតិបត្តិការរបស់ទីភ្នាក់ងារ USAID។

ក្នុងឆ្នាំ ២០២៤ ជម្លោះគឺជាមូលហេតុចម្បងនៃភាពអត់ឃ្លាន ដែលប៉ះពាល់មនុស្សជិត ១៤០លាននាក់ក្នុង ២០ប្រទេស រួមមាន ស៊ូដង់ ហៃទី និងភាគខាងត្បូងតំបន់ហ្គាហ្សា ដែលប្រឈមនឹងកម្រិត «មហន្តរាយ»។ វិបត្តិសេដ្ឋកិច្ច បានរុញច្រានមនុស្ស ៥៩.៤លាននាក់ឲ្យធ្លាក់ក្នុងវិបត្តិស្បៀងអាហារក្នុង ១៥ប្រទេស ដូចជា ស៊ីរី និងយេម៉ែន ខណៈអាកាសធាតុប្រែប្រួលខ្លាំង បានប៉ះពាល់មនុស្សជាង ៩៦លាននាក់ក្នុង ១៨ប្រទេស។

គួរបញ្ជាក់ថា ចំនួន​មនុស្ស​ដែល​ប្រឈម​មុខ​នឹង​ស្ថានភាព​ដូច​គ្រោះ​ទុរ្ភិក្ស បាន​កើនឡើង​ទ្វេដង​ដល់ ១.៩ លាន​នាក់ ដែល​ជា​តួលេខ​ខ្ពស់​បំផុត​ចាប់តាំងពី​ការ​ចាប់ផ្តើម​តាមដាន​របាយការណ៍​សកល​ក្នុង​ឆ្នាំ ២០១៦។ ក្នុង​នោះ ប្រទេស​ស៊ូដង់​បាន​ប្រកាស​ពី​ស្ថានភាព​ទុរ្ភិក្ស​ជា​ផ្លូវការ​រួច​ទៅ​ហើយ។ របាយការណ៍នេះ បានគូសបញ្ជាក់ពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែលកំពុងកើនឡើង និងតម្រូវការបន្ទាន់សម្រាប់សកម្មភាពអន្តរជាតិ និងការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ ដើម្បីដោះស្រាយឫសគល់នៃភាពអត់ឃ្លាន និងការពារជីវិតមនុស្ស៕