(អ៊ីស្តង់ប៊ុល)៖ អ្នកចរចារុស្ស៊ី និងអ៊ុយក្រែន បានចាប់ផ្តើមកិច្ចចរចាសន្តិភាពដោយផ្ទាល់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលជាងបីឆ្នាំ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ក្រោមសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥។
រូបភាពទូរទស្សន៍បានបង្ហាញរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ លោក Hakan Fidan កំពុងថ្លែងទៅកាន់គណៈប្រតិភូទាំងពីរនៅវិមាន Dolmabahce។ លោកបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការសម្រេចបានបទឈប់បាញ់ឲ្យបានឆាប់ ហើយបានបង្ហាញក្តីសង្ឃឹមថា កិច្ចពិភាក្សានេះនឹងក្លាយជាមូលដ្ឋានសម្រាប់ជំនួបរវាងមេដឹកនាំប្រទេសទាំងពីរនាពេលអនាគត។ លោកបានលើកឡើងពី «ផ្លូវពីរ» គឺផ្លូវទៅកាន់សន្តិភាព ឬផ្លូវទៅកាន់ការបំផ្លិចបំផ្លាញបន្ថែមទៀត។
ភាគីទាំងពីរមិនបានជួបមុខគ្នាចាប់តាំងពីខែមីនា ឆ្នាំ២០២២ ហើយការរំពឹងទុកសម្រាប់ការសម្រេចបានដំណោះស្រាយធំដុំមានកម្រិតទាបស្រាប់ទៅហើយ។ ស្ថានការណ៍នេះកាន់តែយ៉ាប់យ៉ឺនថែមទៀត បន្ទាប់ពីលោក ត្រាំ បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា នឹងគ្មានការផ្លាស់ប្ដូរណាមួយកើតឡើងទេ ដរាបណាគ្មានជំនួបរវាងលោក និងលោក ពូទីន។
ប្រធានគណៈប្រតិភូអ៊ុយក្រែន បានបញ្ជាក់ពីអាទិភាពរបស់ទីក្រុងកៀវថា សន្តិភាពអាចកើតមានទៅបាន លុះត្រាតែរុស្ស៊ីយល់ព្រមលើបទឈប់បាញ់រយៈពេល ៣០ថ្ងៃ និងការវិលត្រឡប់នៃកុមារអ៊ុយក្រែនដែលត្រូវបានគេអះអាងថាត្រូវបានចាប់ពង្រត់ ព្រមទាំងការដោះដូរអ្នកទោសសង្គ្រាមទាំងអស់គ្នា។
ភាគីរុស្ស៊ីបាននិយាយថា ខ្លួនចង់បញ្ចប់សង្គ្រាមដោយមធ្យោបាយការទូត និងត្រៀមខ្លួនពិភាក្សាពីបទឈប់បាញ់ ប៉ុន្តែបានលើកឡើងពីកង្វល់ថា អ៊ុយក្រែនអាចនឹងប្រើប្រាស់ការផ្អាកណាមួយដើម្បីប្រមូលកម្លាំង និងទទួលអាវុធបន្ថែមពីលោកខាងលិច។ អ៊ុយក្រែន និងសម្ព័ន្ធមិត្ត បានចោទប្រកាន់លោក ពូទីន ពីការប្រើល្បិចអូសបន្លាយ និងមិនមានភាពស្មោះត្រង់ចំពោះសន្តិភាព។
គួរបញ្ជាក់ថា លទ្ធផលនៃកិច្ចចរចានៅអ៊ីស្តង់ប៊ុលនេះ នឹងត្រូវតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈដែលសហគមន៍អន្តរជាតិកំពុងទន្ទឹងរង់ចាំដំណោះស្រាយចំពោះសង្គ្រាមដែលអូសបន្លាយ និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅអឺរ៉ុប៕