(វែលីងតោន)៖ នូវែលសេឡង់ នឹងបែងចែកថវិកាថវិកាបន្ថែម ដើម្បីគាំទ្រដល់កម្មវិធីបញ្ចុះតម្លៃជួលស្ទូឌីយោ សម្រាប់ការមកថតកុនក្នុងប្រទេសនូវែលសេឡង់ ដែលជាវិធានការថ្មីមួយត្រូវបានដាក់ចេញ ក្រោយការប្រកាសពន្ធគយ ១០០ភាគរយ លើខ្សែភាពយន្តដែលផលិតនៅក្រៅអាមេរិករបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ ២០២៥។
នូវែលសេឡង់ ដែលជាកន្លែងថតរឿង «Lord of the Rings» បានក្លាយជាទីតាំងថតដ៏ពេញនិយម សម្រាប់ភាពយន្តហូលីវូដ ដោយសារការចំណាយទាប និងមានការលើកទឹកចិត្តពីរដ្ឋាភិបាល។ រដ្ឋមន្រ្តីហិរញ្ញវត្ថុនូវែលសេឡង់ លោកស្រី Nicola Willis បញ្ជាក់ថា «យើងកំពុងផ្ញើសារយ៉ាងច្បាស់ ទៅកាន់ពិភពលោក៖ នូវែលសេឡង់ គឺជាកន្លែងដ៏ល្អបំផុតក្នុងពិភពលោក លើការផលិតភាពយន្ត»។
គួរបញ្ជាក់ថា ថវិការបន្ថែមចំនួន ៣៣៩លានដុល្លារ នឹងត្រូវបញ្ចូលក្នុងកញ្ចប់ថវិកាសហព័ន្ធ នៅសប្តាហ៍ក្រោយ ដើម្បីទ្រទ្រង់កម្មវិធីបញ្ចុះតម្លៃលើការផលិតមាតិកាអន្តរជាតិ របស់ប្រទេសនូវែលសេឡង់។ ក្រោមកម្មវិធីបញ្ចុះតម្លៃ ដែលបានណែនាំលើកដំបូងក្នុងឆ្នាំ ២០១៤ ផលិតកម្មដែលទទួលបានសិទ្ធិ អាចទទួលបានការបញ្ចុះតម្លៃ ២០ភាគរយ សម្រាប់ថ្លៃដើមផលិតច្រើនជាង ៨.៨លានដុល្លារអាមេរិក ទៅលើការផលិតភាពយន្តខ្លីៗ និងជាង ២.៣លានដុល្លារអាមេរិក លើការផលិតកម្មវិធីទូរទស្សន៍៕