(កៀវ)៖ កងទ័ពអាកាសអ៊ុយក្រែន បានឱ្យដឹងថា កាលពីព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា យន្តហោះចម្បាំង F-16 មួយគ្រឿង ត្រូវបានបាត់បង់ បន្ទាប់ពីបញ្ហាបានកើតមាននៅលើយន្តហោះ ប៉ុន្តែពីឡុតបានចុចកៅអីផ្តាច់ចេញដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កងទ័ពអាកាសអ៊ុយក្រែន បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យោងតាមទិន្នន័យបឋម ស្ថានការណ៍មិនប្រក្រតីមួយ បានលេចឡើងនៅលើយន្តហោះ។ អាកាសយានិក បានបញ្ជាយន្តហោះចេញពីតំបន់មានមនុស្សរស់នៅ ហើយចុចផ្តាច់កៅអីចេញ​ពីលើនោះដោយជោគជ័យ»។ បើតាមកងទ័ពអាកាសអ៊ុយក្រែន អាកាសនិករូបនោះ មិនមានបញ្ហាអ្វីទេ ហើយឧបត្តិហេតុនេះ ហាក់មិនមែនបង្កឡើងដោយសារការបាញ់ប្រហារពីរុស្ស៉ីឡើយ។

គួរបញ្ជាក់ថា ករណីខាងលើគឺជាករណីធ្លាក់យន្តហោះចម្បាំង F-16 ទី២ ចាប់តាំងពីទីក្រុងកៀវ ចាប់ផ្តើមទទួលបានយន្តហោះនេះ ពីសម្ព័ន្ធមិត្តរបស់អាមេរិក កាលពីឆ្នាំមុន ក្រោមកម្មវិធីដែលមានការយល់ព្រមពីរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន។ កាលពីចុងឆ្នាំ២០២៤ F-16 មួយគ្រឿង បានធ្លាក់ ហើយអាកាសយានិករបស់យន្តហោះនោះ បានស្លាប់ ពេលព្យាយាមទប់ស្កាត់​ការវាយប្រហារតាមផ្លូវអាកាសធំមួយរបស់រុស្ស៉ី។ អ៊ុយក្រែនមិនបញ្ជាក់ឱ្យដឹងអំពីចំនួនយន្តហោះចម្បាំង F-16 ដែលខ្លួនទទួលបាននោះទេ៕