(ប៉េកាំង)៖ ព្រឹកថ្ងៃទី១៤ ខែឧសភា នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំងលោក Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនា ជាមួយលោក Gabriel Boric ប្រធាននាធិបតី នៃប្រទេសស៊ីលីដែលអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៤ រវាងចិន-សហគមន៍អាមេរិកឡាទីននិងការាបៀន នៅប្រទេសចិន។

លោក Xi Jinping បានថ្លែងថាឆ្នាំនេះគឺខួប៥៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងស៊ីលីភាគីទាំងពីរគួររួមគ្នា ជំរុញបុព្វហេតុនៃសន្តិភាពនិងវឌ្ឍណភាព នៃមនុស្សជាតិអនុវត្តឱ្យបានល្អនូវផែនការសហប្រតិបតិការ ស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”។

បច្ចុប្បន្ននេះស្ថានការណ៍អន្តរជាតិមានភាពច្របូកច្របល់ឯកតោភាគី និងគាំពារនិយមកំពុងដើរបញ្ច្រាសនិន្នាការអភិវឌ្ឍន៍ ដែលបានប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ ភាគីចិននិងស៊ីលីគួរបង្កើនការសម្របសម្រួល ពហុភាគីដើម្បីគាំពារផលប្រយោជន៍រួមរបស់សកលខាងត្បូង។

ជាការឆ្លើយតបលោក Gabriel Boric ប្រធាននាធិបតីនៃប្រទេសស៊ីលីបានថ្លែងថា ភាគីស៊ីលីរំពឹងទុករួមជាមួយភាគីចិន ដើម្បីកសាង ”ខ្សែក្រវាត់និងផ្លូវ” ប្រកបដោយគុណភាពខ្ពស់។ គ្រប់ប្រទេសគួរប្រកាន់ខ្ជាប់នូវពាណិជ្ជកម្មសេរី និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ការបំផុសសង្រ្គាមពាណិជ្ជកម្មគ្មានច្រកចេញទេ។ ភាគីស៊ីលីមានឆន្ទៈ រួមជាមួយភាគីចិន ដើម្បីគាំពារយ៉ាងម៉ឺងម៉ាត់នូវពហុភាគីនិយម និងកិត្យានុភាពរបស់ អង្គការសហប្រជាជាតិប្រកាន់ខ្ជាប់នូវការដោះស្រាយការខ្វែងគំនិតឆ្លងតាមរយៈការសន្ទនា ដើម្បីនិងរួមគ្នាគាំពារសច្ចយុត្តិធម៌អន្តរជាតិ៕