(ដូហា)៖ កាលពីថ្ងៃពុធ ទី១៤ ខែឧសភា ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing សម្រេចបានកិច្ចព្រមព្រៀងដ៏ធំបំផុតមួយ​ជាមួយកាតា ស្តីពីការទិញយន្តហោះដឹកអ្នកដំណើរសរុប ២១០គ្រឿង អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកកាន់ប្រទេសអារ៉ាប់មួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កិច្ចព្រមព្រៀងខាងលើ ដែលគិតជាទឹកប្រាក់មានតម្លៃស្មើនឹង ៩៦ពាន់លានដុល្លារអាមេរិក គឺសម្រាប់ការបញ្ជាទិញយន្តហោះ Boeing ស៊េរី 787 ១៣០គ្រឿង និងស៊េរី 777X ៣០គ្រឿង រួមជាមួយជម្រើសអាចទិញយន្តហោះទាំង២ស៊េរីនេះ ៥០គ្រឿងបន្ថែមទៀត នាពេលក្រោយ។ លោក ត្រាំ និងព្រះមហាក្សត្រកាតា Sheikh Tamim bin Hamad Al-Thani បានចូលរួមក្នុងពិធីចុះកិច្ចព្រមព្រៀងនេះ ជាមួយនាយកប្រតិបត្តិ (CEO) របស់ Boeing លោក Kelly Ortberg និង CEO ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways លោក Badr Mohammed Al-Meer។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើត្រូវបានចុះហត្ថលេខា អំឡុងទស្សនកិច្ចនៅគោលដៅទី២របស់លោក ត្រាំ មកកាន់ពិភពអារ៉ាប់ បន្ទាប់ពី​លោកសម្រេចបាន កិច្ចព្រមព្រៀងសេដ្ឋកិច្ចដ៏ធំសម្បើមមួយនៅអារ៉ាប៊ីសាអូឌីត ដែលរួមមានការវិនិយោគរហូតដល់ ៦០០ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ គ្រួសាររាជវង្សកាតា ក៏បានស្នើផ្តល់យន្តហោះ Boeing ដ៏ប្រណីតមួយ១គ្រឿង តម្លៃខ្ទង់ ៤០០លានដុល្លារ ឱ្យលោក ត្រាំ ជាអំណោយផងដែរ៕