(កៀវ)៖ ថ្នាក់ដឹកនាំអ៊ុយក្រែន នឹងសម្រេចចិត្តលើជំហានបន្ទាប់របស់ខ្លួនសម្រាប់កិច្ចចរចាសន្តិភាពដែលស្នើឡើងនៅក្នុងប្រទេសតួកគីយ៉េ លុះត្រាតែមានភាពច្បាស់លាស់អំពីការចូលរួមដោយផ្ទាល់របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមប្រភពការទូតអ៊ុយក្រែនបានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ២០២៥។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអញ្ជើញលោក ពូទីន ឲ្យចូលរួមកិច្ចពិភាក្សាដែលបានគ្រោងទុកនៅទីក្រុងអ៊ីស្តង់ប៊ុល នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា។ ប្រសិនបើលោក ពូទីន យល់ព្រមមែន នោះនឹងជាជំនួបលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩។ ប្រភពការទូតបាននិយាយថា «អ្វីគ្រប់យ៉ាងនឹងអាស្រ័យលើថាតើលោក ពូទីន ខ្លាចក្នុងការមកអ៊ីស្តង់ប៊ុលឬអត់។ ដោយផ្អែកលើការឆ្លើយតបរបស់គាត់ ថ្នាក់ដឹកនាំអ៊ុយក្រែននឹងសម្រេចចិត្តលើជំហានបន្ទាប់»។

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធថា គណៈប្រតិភូរុស្ស៊ីនឹងមានវត្តមាននៅទីក្រុងអ៊ីស្តង់ប៊ុលនៅថ្ងៃព្រហស្បតិ៍ សម្រាប់ការពិភាក្សាដែលអាចកើតមានជាមួយអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ពីសមាសភាពគណៈប្រតិភូ ឬថាតើលោក ពូទីន នឹងមកចូលរួមនោះទេ។ ការចរចាដោយផ្ទាល់ចុងក្រោយរវាងភាគីទាំងពីរ បានធ្វើឡើងនៅអ៊ីស្តង់ប៊ុលកាលពីខែមីនា ឆ្នាំ២០២២។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានលើកឡើងពីលទ្ធភាពដែលលោកអាចនឹងទៅកាន់ប្រទេសតួកគីយ៉េសម្រាប់កិច្ចពិភាក្សានេះដែរ ប៉ុន្តែលោកក៏មិនប្រាកដពីវត្តមានរបស់លោក ពូទីន ទេ។ សម្រាប់ភាគីអ៊ុយក្រែន លោក Zelenskyy បានបញ្ជាក់ថា អាទិភាពរបស់លោកគឺការធានាឲ្យបាននូវបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ថ្ងៃ។

គួរបញ្ជាក់ថា ភាពមិនច្បាស់លាស់ជុំវិញការចូលរួមរបស់លោក ពូទីន កំពុងក្លាយជាកត្តាកំណត់ដ៏សំខាន់មួយ សម្រាប់អនាគតនៃកិច្ចចរចាសន្តិភាព ដែលសហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់៕