(សិង្ហបុរី)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសសិង្ហបុរី កំពុងតាមដានការកើនឡើងនូវជំងឺកូវីដ១៩ នាពេលថ្មីៗនេះ ទោះបីជាមានការសន្និដ្ឋានជាមុនថា នឹងមានរលកនៃការឆ្លងតាមរដូវកាល ក្នុងមួយឆ្នាំៗក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ ២០២៥។
កូវីដ១៩ បានកើនឡើងដល់ ១៤ ២០០ករណី ចន្លោះពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ដែលកើនឡើងពី ១១ ០០០ករណីក្នុងសប្តាហ៍មុន។
សេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារ របស់ក្រសួងសុខាភិបាលសិង្ហបុរី (MOH) និងទីភ្នាក់ងារជំងឺឆ្លង (CDA) បានឱ្យដឹងថា ក្នុងរយៈពេលដូចគ្នា ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ប្រចាំថ្ងៃ នៃអ្នកឆ្លងកូវីដ១៩ ជាមធ្យមបានកើនឡើងពី ១០២ ដល់ ១៣៣នាក់។
កូវីដ១៩ ប្រភេទ LF.7 និង NB.1.8 ត្រូវបានរកឃើញជាងពីរភាគបី នៃករណីឆ្លងជាបន្តបន្ទាប់ក្នុងប្រទេស។ វាជាជំងឺបំប្លែងពីកូវីដ១៩ JN.1 ដែលវ៉ាក់សាំងបច្ចុប្បន្ន ក៏មានប្រសិទ្ធិភាពទប់ស្កាត់បានដែរ៕