(ហាណូយ)៖ រដ្ឋាភិបាលវៀតណាម បានចេញសេចក្តីថ្លែងការណ៍មួយថា លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានជំរុញឱ្យក្រុមការងារប្រឆាំងផលិតផលក្លែងក្លាយ រិះរកវិធីថ្មីដើម្បីប្រយុទ្ធប្រឆាំងទំនិញក្លែងក្លាយ ការក្លែងបន្លំពាណិជ្ជកម្ម និងការរត់ពន្ធ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៤ ខែឧសភា ឆ្នាំ ២០២៥។

ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅពេលដែលវៀតណាម កំពុងពិភាក្សាដើម្បីចៀសវាងផលប៉ះពាល់ ដោយសារតែ ពន្ធគយរបស់សហរដ្ឋអាមេរិក និងជាការបង្ហាញដល់ទីក្រុងវ៉ាស៉ីនតោនអំពីវិធានការ ដោះស្រាយការព្រួយបារម្ភជាយូរមក រួមទាំងការរំលោភកម្មសិទ្ធិបញ្ញា និងការដឹកជញ្ជូនទំនិញចិនឆ្លងកាត់ប្រទេសរបស់ខ្លួន។

តាមឯកសារផ្ទៃក្នុងដែល Reuters ទទួលបាន កាល​ពី​ខែ​មុន រដ្ឋាភិបាលវៀតណាម ​បាន​ណែនាំ​ដល់ក្រុមមន្ត្រី​ឱ្យ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹងផលិតផលក្លែងកក្លាយ ការ​លួច​ចម្លង​តាម​ប្រព័ន្ធ​ឌីជីថល និង​ការ​បញ្ជូន​ទំនិញ​ចិន​ទៅ​សហរដ្ឋ​អាមេរិក ដែល​មន្ត្រី​វៀតណាម​តែង​តែហៅ​ថា ​ជា​ការ​ក្លែង​បន្លំ​ពាណិជ្ជកម្ម។

រដ្ឋាភិបាលវៀតណាមនិយាយថា ការក្លែងបន្លំកំពុងរីករាលដាល និងកើនឡើងនៅតាមអនឡាញ ដោយថ្មីៗនេះ ករណីទឹកដោះគោក្លែងក្លាយ អាហារ និងផលិតផលអាហារបំប៉ន បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព និងសណ្តាប់ធ្នាប់សង្គម។

គួរបញ្ជាក់ថា ករណីក្លែងបន្លំ និងរំលោភកម្មសិទ្ធិបញ្ញាចំនួន ១ ១០០ ករណីក្លែងបន្លំពន្ធគយ និងពាណិជ្ជកម្មចំនួន ២៥​ ១០០ ក៏ដូចជាការរត់ពន្ធខុសច្បាប់ចំនួន ២ ៨០០ករណី ត្រូវបានវៀតណាមរកឃើញនៅក្នុងឆ្នាំនេះ៕