(សេអ៊ូល)៖ បណ្តាបេសកជនពាណិជ្ជកម្មនៃតំបន់អាស៉ីប៉ាស៊ីហ្វិក នឹងជួបប្រជុំគ្នាក្នុងប្រទេសកូរ៉េខាងត្បូង នាសប្តាហ៍នេះ សម្រាប់ការពិភាក្សាពីកិច្ចសហប្រតិបត្តិការពហុភាគី ខណៈដែលប្រទេសនានាព្យាយាមឆ្លើយតប ចំពោះពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ ២០២៥។

អ្នកតំណាងពាណិជ្ជកម្មនៃប្រទេសសមាជិកចំនួន ២១ នៃក្រុមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ីប៉ាស៊ីហ្វិក (APEC) នឹងចូលរួមកិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ នៅឯកោះរមណីយដ្ឋាន Jeju មុនកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់បណ្តាមេដឹកនាំ APEC នៅចុងឆ្នាំនេះ។

វាជាកិច្ចប្រជុំបិទទ្វារដែលនឹងជជែកលើប្រធានបទច្រើន រាប់ចាប់ពីពាណិជ្ជកម្មពហុភាគី រហូតដល់ការរស់ឡើងវិញ និងនិរន្តរភាពនៃការធ្វើពាណិជ្ជកម្ម ដោយរបៀបវារៈផ្លូវការត្រូវបានរំពឹងថា នឹងរួមបញ្ចូលនូវតួនាទី និងអាទិភាពកំណែទម្រង់របស់អង្គការពាណិជ្ជកម្មពិភពលោក ចំពេលមានបញ្ហាប្រឈមជាសកល។

ក្រុមមន្ត្រី ក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាលើប្រធានបទផ្សេងទៀត ដូចជាការជំរុញតំបន់ពាណិជ្ជកម្មសេរី នៅអាស៉ីប៉ាស៉ីហ្វិក ការធ្វើពាណិជ្ជកម្មឌីជីថល បង្កើនការត្រៀមខ្លួនសម្រាប់បច្ចេកវិទ្យា AI និងការជំរុញកំណើនប្រកបដោយនិរន្តរភាពផងដែរ៕