(ប៉េកាំង)៖ នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រកាសថា ចិននឹងផ្តល់កម្រិតឥណទានចំនួន ៩.២ពាន់លានដុល្លារអាមេរិក ដល់បណ្តាប្រទេសនៅតំបន់អាមេរិកឡាទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោកប្រធានាធិបតីចិន បានប្រកាសអំពីឥណទានខាងលើ អំឡុងសុន្ទរកថាបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃវេទិកាចិន-អាមេរិកឡាទីន ហៅកាត់ថា China-CELAC។ កម្រិតឥណទាននោះ ដែលនឹងត្រូវផ្តល់ឱ្យក្នុងទម្រង់ជាប្រាក់យាន់ ហាក់មានគោលដៅដើម្បីជំរុញ​រូបិយបណ្ណរបស់ចិនបន្ថែមទៀតនៅលើឆាកអន្តរជាតិ ស្របពេលដែលចិនកំពុងឈ្មុសឈ្មុលធ្វើឱ្យចំណងទាក់ទងយុទ្ធសាស្រ្តនិង​សេដ្ឋកិច្ច ជាមួយតំបន់អាមេរិកឡាទីន កាន់តែស៉ីជម្រៅ។

នៅពេលវេទិកាចិន-អាមេឡាទីន បង្កើតឡើងដំបូងកាលពីឆ្នាំ២០១៥ ទីក្រុងប៉េកាំងបានផ្តល់កម្រិតឥណទានចំនួន ២០ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ជួយដល់សហគ្រាសចិនវិនិយោគ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងតំបន់នេះ។ បើតាមលោក ស៉ី ចិននឹងក៏អនុវត្ត​គោលការណ៍មិនចាំបាច់សុំទិដ្ឋាការជាមុន ឬ visa-free សម្រាប់ប្រទេសចំនួន៥ នៅអាមេរិកឡាទីន ផងដែរ ហើយនឹងពង្រីក​សម្រាប់ប្រទេសដទៃទៀតជាបន្តបន្ទាប់ នៅពេលខាងមុខ។

គួរបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មរវាងចិននិងតំបន់អាមេរិកឡាទីន បានកើនលើស៥០០ពាន់លានដុល្លារ ជាលើកដំបូងកាលពីឆ្នាំមុន ដែលជាកំណើនមកពី៤៥០ពាន់លានដុល្លារ កាលពីឆ្នាំ២០២៣។ ការធ្វើពាណិជ្ជកម្មរបស់ចិនជាមួយអាមេរិកឡាទីន បានកើនឡើងយ៉ាងច្រើនសម្បើម បើគិតចាប់តាំងពីឆ្នាំ២០០០មក ជាពេលដែលពាណិជ្ជកម្មទ្វេភាគី មានទំហំត្រឹម១២ពាន់លានដុល្លារ៕