(អូតាវ៉ា)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney និងនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Keir Starmer បានឯកភាពគ្នាពង្រឹងការធ្វើពាណិជ្ជកម្ម និងទំនាក់ទំនងក្នុងវិស័យការពារជាតិ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ ២០២៥។

ការិយាល័យនាយករដ្ឋមន្រ្តីកាណាដា បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងជំនួបតាមទូរស័ព្ទ មេដឹកនាំទាំងពីរក៏បានពិភាក្សា អំពីការប្តេជ្ញាចិត្តជួយអ៊ុយក្រែនឱ្យសម្រេចបានសន្តិភាព និងផែនការយាងបំពេញព្រះរាជទស្សនកិច្ចនៃព្រះអង្គម្ចាស់ Charles ទៅកាន់ប្រទេសកាណាដា នាចុងខែនេះផងដែរ។

តាមគេហទំព័រដ្ឋាភិបាលអង់គ្លេស មេដឹកនាំទាំងពីរបានឆ្លុះបញ្ចាំងពីឱកាស ក្នុងការធ្វើឱ្យចំណងមិត្តភាពកាន់តែស៉ីជម្រៅ រួមទាំងតាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងបច្ចេកវិទ្យា ដែលនឹងបម្រើផលប្រយោជន៍ដល់ប្រជាជន។ លោកនាយករដ្ឋមន្ត្រី Keir Starmer បាននិយាយថា លោកកំពុងទន្ទឹងរង់ចាំធ្វើដំណើរទៅកាណាដា សម្រាប់កិច្ចប្រជុំកំពូល G7 នាខែក្រោយ ដែលនឹងក្លាយជាពេលវេលាដ៏សំខាន់មួយទៀត ក្នុងការបង្ហាញសាមគ្គីភាពជាមួយអ៊ុយក្រែន៕