(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មានទាក់ទិននឹង ការឡើងកម្តៅនៃស្ថានការណ៍ រវាងឥណ្ឌា និងប៉ាគីស្ថាន។

អ្នកសារព័ត៌មានបានសួរថា ពេលថ្មីៗនេះ ស្ថានការណ៍រវាងឥណ្ឌា និងប៉ាគីស្ថានកាន់តែតានតឹង ។ ភាគីប៉ាគីស្ថានបានបង្ហាញថា នៅព្រឹកព្រលឹមថ្ងៃទី ១០ ឧសភា ឥណ្ឌាបានធ្វើការវាយប្រហារលើមូលដ្ឋានទ័ពអាកាស Nur Khan របស់ប៉ាគីស្ថានជាដើម ហើយប៉ាគីស្ថាននឹងធ្វើការវាយបកយ៉ាងម៉ឺងម៉ាត់។ នាពេលបច្ចុប្បន្ន ប្រទេសប៉ាគីស្ថានបានចាប់ផ្តើមធ្វើប្រតិបត្តិការយោធា តបតវិញ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ?

អ្នកនាំពាក្យបានឆ្លើយថា ប្រទេសចិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍បច្ចុប្បន្នរវាងឥណ្ឌា និងប៉ាគីស្ថាន ហើយមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការឡើងកម្តៅនៃស្ថានការណ៍នេះ។ ភាគីចិនអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថាន រក្សាចិត្តឱ្យស្ងប់និងមានភាពអត់ធ្មត់ដោយតម្កល់សន្តិភាពនិងស្ថេរភាពជាអាទិភាព ត្រឡប់ទៅរកការដោះស្រាយ តាមផ្លូវនយោបាយដោយសន្តិវិធី និងជៀសវាងកុំចាត់វិធានការណា ដែលធ្វើឱ្យស្ថានការណ៍ឡើងកម្តៅថែមមួយកម្រិតទៀត ។ នេះគឺសមស្របនឹងផលប្រយោជន៍ជាមូលដ្ឋានរបស់ឥណ្ឌា និងប៉ាគីស្ថាន ក៏ដូចជាមានអំណោយផលដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយក៏ជាការរំពឹងទុកទូទៅ របស់សហគមន៍អន្តរជាតិផងដែរ។ ចិនមានឆន្ទៈបន្តដើរតួនាទីប្រកបដោយ លក្ខណៈស្ថាបនាដើម្បីសម្រេចបានគោលដៅនេះ៕

វិទ្យុមិត្តភាពកម្ពុជាចិន