(វ៉ាស៉ីនតោន)៖ បណ្តាវិនិយោគិន បានសាទរដល់កិច្ចប្រឹងប្រែងផ្សះផ្សាក្នុងសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន តាមរយៈការជួបសន្ទនាកម្រិតខ្ពស់នាចុងសប្តាហ៍កន្លងទៅ ដែលអាចនាំទៅរកការលុបបំបាត់ភាពមិនច្បាស់លាស់មួយចំនួននៃទីផ្សារហិរញ្ញវត្ថុ ទោះជាមិនទាន់អាចបំបែកបាននូវភាពជាប់គាំងធំដុំណាមួយក៏ដោយ។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ ២០២៥។
ក្រោយកិច្ចសន្ទនា នៅឯប្រទេសស្វីស ភាគីទាំងពីរនិយាយថាព័ត៌មានលម្អិតបន្ថែម នឹងត្រូវចេញផ្សាយនាថ្ងៃចន្ទនេះ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បាននិយាយថា មានការព្រមព្រៀងមួយជាមួយចិន ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក។
លោក Eric Kuby ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន North Star Investment Management Corp ក្នុងទីក្រុង Chicago កត់សម្គាល់ថា នេះជាជំហានមួយក្នុងទិសដៅត្រឹមត្រូវ ដែលបង្ហាញថាភាគីទាំងពីរចាប់អារម្មណ៍ឈានទៅរកការស្ថាបនា និងអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្មឱ្យមានភាពប្រសើរឡើង។
ប្រធានផ្នែកយុទ្ធសាស្រ្តអត្រាការប្រាក់របស់សហរដ្ឋអាមេរិក នៅក្រុមហ៊ុនហិរញ្ញវត្ថុ TD Securities លោក Gennadiy Goldberg ក្នុងទីក្រុងញូវយ៉ក បាននិយាយថា ប្រសិនបើអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម នោះតម្លៃទំនិញឬសេវាកម្ម នឹងមានតម្លាភាពវិញ។
លោក Jack Ablin ដែលជាដៃគូស្ថាបនិក និងជាប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន Cresset Capital ក្នុងទីក្រុង Chicago បាននិយាយថា ខ្ញុំមិនប្រាកដទេថាអាចសម្រេចបានការលក់កម្រិតណា ប៉ុន្តែប្រសិនបើយើងអាចធ្វើឱ្យមានភាពរីកចម្រើនជាមួយចិន ខ្ញុំគិតថាទីផ្សារនឹងងេីបឡេីងវិញទៅតាមនោះ។
លោកស្រី Liqian Ren នាយិការក្រុមហ៊ុន Modern Alpha បាននិយាយថា ទាំងសហរដ្ឋអាមេរិក និងចិនប្រហែលជាសុទ្ធតែចង់ឈានឱ្យដល់កិច្ចព្រមព្រៀងមួយ។ ឥឡូវនេះ ទីផ្សារប្រហែលជាមានសុទិដ្ឋិនិយមបន្តិចទាក់ទងនឹងអ្វីដែលចិន និងសហរដ្ឋអាមេរិកអាចសម្រេចបាននៅថ្ងៃខាងមុខ។
គួរបញ្ជាក់ថា ចំពេលមានសញ្ញាធូរស្បើយខ្លះ ជុំវិញសង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន សន្ទស្សន៍ភាគហ៊ុននៅសហរដ្ឋអាមេរិកបានកើនឡើង កាលពីល្ងាចថ្ងៃអាទិត្យ។ សន្ទស្សន៍ភាគហ៊ុនរបស់ S&P 500 E-minis បានកើនឡើង ១.៣ភាគរយ ខណៈដែល Nasdaq កេីនឡេីងបន្ថែម ១.៦ភាគរយ៕