(គែរ)៖ មន្ត្រីជាន់ខ្ពស់ហាម៉ាសម្នាក់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ​Reuters កាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា ថាហាម៉ាសនឹងដោះលែងចំណាប់ខ្មាំងម្នាក់ជាពលរដ្ឋអាមេរិកមាន ដើមកំណើតអ៉ីស្រាអែល ជាការសម្រេចចិត្តមួយដែលក្រុមអ្នកសម្របសម្រួលមកពីកាតា និងអេហ្ស៉ីបចាត់ទុកថាជាការបោះជំហានដ៏មានក្ដីសង្ឃឹមមួយឆ្ពោះទៅរកការវិលត្រឡប់ទៅកាន់ តុចរចាស្វែងរកបទឈប់បាញ់ នៅក្នុងតំបន់ហ្កាហ្សា។

មន្ត្រីជាន់ខ្ពស់ខាងលើដដែលរបស់ក្រុមហាម៉ាស មិនបានបញ្ជាក់លម្អិតពីកាលបរិច្ឆេទដែលពលរដ្ឋអាមេរិកដើមកំណើតអ៉ីស្រាអែលឈ្មោះ Edan Alexander មានអាយុ២១ឆ្នាំ និងជាទាហានអ៉ីស្រាអែលម្នាក់ នឹងត្រូវបានដោះលែងនោះទេ។ ប៉ុន្តែប្រភពមួយផ្សេងទៀតដែលបានដឹងពីបញ្ហានេះដែរ បានប្រាប់ Reuters ថាការដោះលែងចំណាប់ខ្មាំងរូបនេះអាចនឹងត្រូវ ធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ។ «ការដោះលែង Alexander ដែលត្រូវបានគេជឿថាជាចំណាប់ខ្មាំងអាមេរិកនៅរស់ចុងក្រោយគេបំផុតកំពុងជាប់ឃុំក្នុងតំបន់ហ្កាហ្សា គឺជាផ្នែកមួយ នៃកិច្ចប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងលើបទឈប់បាញ់មួយ និងការអនុញ្ញាតឱ្យមានការបញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា»។ នេះបើតាមក្រុមហាម៉ាស។

គួរបញ្ជាក់ថា ព័ត៌មានពីការដោះលែងចំណាប់ខ្មាំងអាមេរិកខាងលើ កើតមានឡើង មុនពេលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ត្រូវបំពេញទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា នៅក្នុង សប្ដាហ៍នេះ។ បេសកជនពិសេសរបស់លោក គឺលោក Adam Boehler ក៏បានលើកឡើងដែរថាព័ត៌មានពីការដោះលែង Alexander ជាការបោះជំហានឆ្ពោះទៅមុខជាវិជ្ជមាន៕