(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio នឹងធ្វើដំណើរទៅកាន់ប្រទេសតួកគីយ៉េ ដើម្បីចូលរួមក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសជាសមាជិកអង្គការណាតូ (NATO) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ខាងមុខនេះ ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយនៅថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥។

ក្រសួងការបរទេសបានបន្ថែមថា «ដើម្បីត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូលណាតូនៅទីក្រុងឡាអេ ក្នុងខែមិថុនាខាងមុខនេះ លោករដ្ឋមន្ត្រី (Rubio) នឹងជំរុញរបៀបវារៈរបស់លោកប្រធានាធិបតី ត្រាំ ក្នុងការធានាថាសម្ព័ន្ធមិត្តរបស់យើងរួមចំណែកដោយយុត្តិធម៌ ដើម្បីធ្វើឲ្យអង្គការណាតូកាន់តែរឹងមាំ និងមានប្រសិទ្ធភាពជាងមុន»។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងការទូតជាបន្តបន្ទាប់ ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងធ្វើឡើងដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះនៅអ៊ុយក្រែន និងពង្រឹងសន្តិសុខក្នុងតំបន់អឺរ៉ុប៕