(អង់ការ៉ា)៖ ប្រធានាធិបតីតួកគីយ៉េ លោក Tayyip Erdogan បានប្រាប់សមភាគីបារាំង លោក Emmanuel Macron តាមទូរសព្ទនៅថ្ងៃអាទិត្យ ទី១១ ខែឧសភា ថា ប្រទេសតួកគីយ៉េត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចចរចាស្តីពីបទឈប់បាញ់ និងសន្តិភាពអចិន្ត្រៃយ៍រវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសជំហរនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើកាលពីព្រឹកថ្ងៃអាទិត្យ ឲ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានឆ្លើយតបថា កៀវមានឆន្ទៈពិភាក្សា ប៉ុន្តែទីក្រុងមូស្គូត្រូវតែយល់ព្រមលើបទឈប់បាញ់ជាមុនសិន។ សំណើរបស់លោក ពូទីន ធ្វើឡើងប៉ុន្មានម៉ោងក្រោយមហាអំណាចអឺរ៉ុបរួមទាំងបារាំង ទាមទារឲ្យលោក ពូទីន យល់ព្រមបទឈប់បាញ់ ៣០ថ្ងៃ បើមិនដូច្នេះទេនឹងប្រឈមទណ្ឌកម្មថ្មី។

នៅក្នុងការសន្ទនាតាមទូរសព្ទ លោក Erdogan បានប្រាប់លោក Macron ថា «ចំណុចរបត់ប្រវត្តិសាស្ត្រ» មួយត្រូវបានឈានដល់ក្នុងការបញ្ចប់សង្គ្រាម ហើយឱកាសនេះគួរតែត្រូវបានចាប់យក។ លោកបានបញ្ជាក់ថា តួកគីយ៉េត្រៀមខ្លួនរួចជាស្រេចក្នុងការរួមចំណែកដើម្បីធានាបទឈប់បាញ់ និងសន្តិភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចា។

គួរបញ្ជាក់ថា ប្រទេសតួកគីយ៉េ ដែលជាសមាជិកណាតូ បានរក្សាទំនាក់ទំនងជិតស្និទ្ធទាំងជាមួយទីក្រុងកៀវ និងមូស្គូ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ ២០២២ ហើយធ្លាប់បានធ្វើជាម្ចាស់ផ្ទះកិច្ចចរចារវាងភាគីទាំងពីរ កាលពីខែមីនា ឆ្នាំ២០២២។

កាលពីកិច្ចចរចានៅអ៊ីស្តង់ប៊ុលក្នុងឆ្នាំ ២០២២ សេចក្តីព្រាងកិច្ចព្រមព្រៀងមួយដែលត្រូវបានពិភាក្សា គឺតម្រូវឲ្យអ៊ុយក្រែនបោះបង់មហិច្ឆតាចូលណាតូ និងទទួលយកស្ថានភាពអព្យាក្រឹត ជាថ្នូរនឹងការធានាសន្តិសុខពីសមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការផ្តល់ឆន្ទៈធ្វើជាម្ចាស់ផ្ទះជាថ្មីម្តងទៀតរបស់តួកគីយ៉េ អាចនឹងផ្តល់នូវច្រកការទូតមួយទៀត ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ស្មុគស្មាញដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕